សារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាមទេ ប៉ុន្តែវាជាមជ្ឈមណ្ឌល ហ្វឹកហ្វឺនដល់បណ្តាប្រទេសនានា ដែលមានបញ្ហាគ្រាប់និង យុទ្ធភណ្ឌសង្គ្រាម

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក បានថ្លែងថា ក្រោមជំនួយរបស់ប្រទេសជប៉ុន សារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាមទេ ប៉ុន្តែវាជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសនានាដែលមានបញ្ហាគ្រាប់និងយុទ្ធភណ្ឌសង្គ្រាម ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការសាងសង់សារមន្ទីរតេជោសន្តិភាព នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ហេង រតនា បានលើកឡើងថា អស់ពេលជាង៣២ឆ្នាំមកហើយ ប្រទេសជប៉ុន បានជួយដល់ស៊ីម៉ាក សម្រាប់វិស័យមីននៅកម្ពុជា ដែលជំនួយទាំងនោះមានជាសម្ភារៈ មានជាថវិកា ក៏ដូចជាការផ្តល់ជំនួយប្រឹក្សាបច្ចេកទេស ហើយថ្មីៗនេះ ប្រទេសជប៉ុនបានផ្តល់នូវជំនួយដ៏ធំធេងមួយគឺអគារសារមន្ទីរតេជោសន្តិភាព ដែលមានរូបរាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅលើពិភពលោក។ ឯកឧត្តមបញ្ជាក់ថា ប្រទេសកម្ពុជាដែលបានទទួលរងនូវមរតកនៃសង្គ្រាមស៊ីវិលជាង ៣០ ឆ្នាំ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់កប់ក្នុងដីនៅទូទាំងប្រទេស ដែលប៉ះពាល់ដល់អាយុជីវិតរាប់មិនអស់ និង កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញ។ ដើម្បីការពារមនុស្សជំនាន់ក្រោយ និងទប់ស្កាត់ការកើតមានឡើងវិញ នៃសោកនាដកម្មបែបនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងសាងសង់សារមន្ទីរសន្តិភាពតេជោ ដែលនឹងបង្ហាញពីការពិតនៃការគម្រាមកំហែងពីគ្រាប់មីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងផលវិបាករបស់វា ។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ជប៉ុន ជាប្រទេសមួយដែលបានយកចិត្តទុកដាក់ខ្លាំងក្នុងការជួយដល់ប្រទេសផ្សេងៗដែលមានបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម។ ដូច្នេះការផ្តល់ជំនួយនេះ ជប៉ុនរំពឹងថា វាមិនត្រឹមតែជាទីកន្លែងសិក្សាស្រាវជ្រាវអំពប្រវត្តិសង្គ្រាមរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយដល់បណ្តាប្រទេសនានាដែលជួបវិបត្តិគ្រាប់មីន និងសំណល់សង្គ្រាម ដូចកម្ពុជាកាលពីអតិតដែរ។ ឯកឧត្តមក៏បានបញ្ជាក់ថា ក្នុងរយៈពេល៣២ឆ្នាំនៃការបង្កើត(CMAC) ជាលទ្ធផលអង្គភាព(CMAC) បានចូលរួមចំណែកក្នុងការបោសសម្អាតផ្ទៃដីដែលគ្រប់ដណ្តប់ទៅដោយគ្រាប់មីន និង យុទ្ធភណ្ឌមិន ទាន់ផ្ទុះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានផ្ទៃក្រឡាជាង ២ពាន់គីឡូម៉ែត្រក្រឡា ដែលគិតពីចំនួនគ្រាប់មីន រួមទាំងគ្រាប់ មីនត្រូវបានកំទេចចោល ចំនួនប្រមាណ ៣លាន២សែនគ្រាប់ នៅក្នុងក្របខណ្ឌ(CMAC) ដោយគិតពីគ្រប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកប់ក្នុងដីជាលទ្ធផល ស្មើ ៧២% នៃលទ្ធផលសរុបក្រមខណ្ឌនៅទូទាំងប្រទេស ។ ឯកឧត្តមបន្តទៀតថា (CMAC) ក៏បានកសាងសមត្ថភាព ធ្វើការអប់រំ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ស្តីពីមីន ដោយក្នុងមួយឆ្នាំៗបានជាង១លាន២សែន ទៅ ១លាន៥សែននាក់ ។
សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជាមានទឹកប្រាក់មានចំនួនប្រមាណជាង២០០លានដុល្លាអាមេរិក ដោយផ្ដល់តាមរូបភាព៣សំខាន់គឺ ការផ្ដល់ជំនួយជាថវិកាដោយផ្ទាល់មកអង្គភាពCMAC ការផ្ដល់តាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុនជាដៃគូរបស់អង្គភាពCMAC និង ៣ ការផ្ដល់ជាជំនួយសម្ភារបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស ដែលជំនួយរបស់ប្រទេសជប៉ុន ពិតជាបានជួយរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយចំនួនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។ ដោយក្នុងនោះចំនួនជនរងគ្រោះដោយសារគ្រាប់មីនបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម ៣២នាក់ ក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះបន្ទាប់ពីមានការគាំទ្រនិងការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អង្គភាពស៊ីម៉ាក់បានសហការជាមួយរដ្ឋាភិបាលជប៉ុនលើការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ជូនដល់មន្ត្រីជំនាញមកពីបណ្តាប្រទេសនានាជាបន្តបន្ទាប់ ដូចជាប្រទេសអ៊ុយក្រែន កូឡុំប៊ី ឡាវ អង់ហ្គោឡា និងប្រទេសអ៉ីរ៉ាក់ ជាដើម៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *