អង្គកឋិនទានមហាសាមគ្គី ដង្ហែរទៅវត្តព្រះព្រហ្មរ័ត្នទទួលបានបច្ច័យ ចំនួន៤៧លាន១៧ម៉ឺន៥ពាន់រៀល

អង្គកឋិនទានមហាសាមគ្គី គ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើម ដោយព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងពុទ្ធបរិស័ទ មកពីក្នុងនិងក្រៅខេត្ត ដើម្បីដង្ហែនិងវេរត្រ័យចីវរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តព្រះព្រហ្មរ័ត្ន ដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានប្រមូលបច្ច័យ សម្រាប់ធ្វើចង្ហាន់ព្រះសង្ឃ ជួសជុលលម្អ កុដិ សាលា ទីសេនាសនសង្ឃ និង រៀបចំបរិស្ថាន សួនច្បារ បរិវេណវត្តក្នុងទីអារាមបានចំនួនជាង ៤៧លានរៀល ក្រោមការចូលរួមពីម្ចាស់ត្រ័យ ដូនជីតាជី និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករផងដែរ។
ព្រះសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តនិងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន មានថេរដិកាថា បច្ច័យដែលទទួលបានពីអង្គកឋិនទានឆ្នាំនេះ ក្រៅពីការលៃលកសម្រាប់ចង្ហាន់ព្រះសង្ឃ បច័្ចយមួយចំនួនធំត្រូវបែងចែកយកទៅជួសជុលកែលម្អ កុដិ សាលា ទីសេនាសនសង្ឃ និងរៀបចំបរិស្ថាន សួនច្បារ ស្ថិតនៅក្នុងវត្តព្រះព្រហ្មរ័ត្ន ។ ពាក់ព័ន្ឋទៅនឹងអង្គកឋិនទាននេះដែរ ព្រះអង្គបានពន្យល់ថា បុណ្យកឋិន ជាពិធីបែបព្រះពុទ្ឋសាសនាបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា ។ បុណ្យអង្គកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខាននោះឡើយ ។ ដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែរចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាអង្គកឋិនពុទ្ធបរិស័ទចំណុះជើងវត្ត ។ ព្រះគ្រូចៅអធិការបានបន្តថា អង្គកឋិនទានសម្រាប់វត្តឆ្នាំនេះ គឺជាសំពត់ដែលទាយក-ទាយិកា នាំយកគ្រឿងស្លៀកដណ្ដប់ ដែលដេរភ្ជាប់ដោយចេសមានឈ្មោះថាចីវរ ទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់រយៈពេល៣ខែរួចមកហើយ ។ ចំពោះបុគ្គលដែលធ្វើ គប្បីធ្វើឲ្យត្រូវតាមរបៀបវិន័យព្រះពុទ្ធដែរ ទើបកើតជាកឋិនពេញលក្ខណៈ រីឯអានិសង្ស គឺទាយកអ្នកធ្វើកឋិនបានអានិសង្សច្រើន ឯភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុ- មោទនាក៏បានអានិសង្ស៥យ៉ាងផងដែរ ។ ព្រះសនសត្ថា តង់ តន បានមានថេរដិកាបន្ថែមថា បងប្អូនពុទ្ធបរិស័ទទាំងអស់គ្នាមាន ឱកាសជួបជុំគ្នាប្រារព្ធពិធីបុណ្យកឋិនទានក្នុងថ្ងៃនេះ អាចធ្វើឡើងប្រកបដោយភាពជិតស្និទ្ធសប្បាយរីករាយ គឺដោយសារប្រទេសកម្ពុជាយើងមានសុខសន្តិភាពនិង សុវត្ថិភាពសង្គមមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណនៃអាណត្តិទី៧របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ក្នងនាមព្រះគ្រូចៅអធិការវត្ត ព្រះអង្គក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះពុទ្ធបរិស័ទ ចំណុះជើងវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងពុទ្ធបរិស័ទ មកពីក្នុងនិងក្រៅខេត្ត ទាំងអស់ ដែលបាននាំយកត្រ័យចីវរ មកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តព្រះព្រហ្មរ័ត្ននេះ និងបានចូលរួមបច្ច័យជាកម្លាំងមហាសាមគ្គី គ្រួសារខ្មែរ សម្រាប់ចូលរួមដើម្បីដើមី្បយកទៅធ្វើការប្រើប្រាស់ កសាងសមទ្ធិផលក្នុងទីវត្ត ក្នុងទិសដៅជម្រុញឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការអភិវឌ្ឍន៍រីកចម្រើនថ្កុំថ្កើងតទៅអនាគតផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *