ពិព័រណ៍រូបថត ស្តីពី សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន ក្រោមប្រធានបទ (កម្ពុជា-ចិន ក្នុងស៊ុមរូបតែមួយ )

ព្រឹត្តិការណ៍ពិព័រណ៍រូបថតនេះ បានបើកជាផ្លូវការនារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គររីសិត ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម Du Zhanyuan ប្រធាននាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយ ភាសាបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន,ឯកឧត្តម Wang Wandin ឯកអគ្គរដ្ឋទូត ចិនប្រចាំនៅកម្ពុជា និង លោក ឌី រ៉ាដូ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីអស់លោក លោក្រសី ជាថ្នាក់ដឹកនាំ និង ប្រតិបត្តិករ កម្ពុជា ចិនផងដែរ ។ ពិព័រណ៍រូបថត ស្តីពី សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន ក្រោមប្រធានបទ៖កម្ពុជា-ចិន ក្នុងស៊ុមរូបតែមួយ មានរូបថតជាច្រើនផ្ទាំងដាក់តាំងបង្ហាញរយៈពេលមួយសប្តាហ៍ ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៤នៅក្នុងសណ្ឋាគារ សុខា អង្គរខេត្តសៀមរាប ។ ព្រឹត្តិការណ៍នេះរៀបចំដោយ នាយកដ្ឋានកិច្ចការកម្មសិទ្ឋិបោះពុម្ពផ្សាយភាសាបរទេស នៃប្រទេសចិន និងសហការគាំទ្រដោយក្រសួងទេសចរណ៍នៃកម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជានិងរដ្ឋបាលខេត្តសៀមរាប ។
លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ខេត្តសៀមរាបបានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្តក្រុង នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន៣០ខេត្តក្រុង ហើយផ្លែផ្កាដែលកើតចេញពីមិត្តភាពនិងភាពជាបងប្អូននេះ បាននាំមកនូវការរីកចម្រើនថ្មីៗបន្ថែមទៀតឥតឈប់ឈរ ។ លោកបន្តថា ពិធីតាំងពិព័រណ៍រូបភាពនាពេលនេះ គឺពិតជាបានផ្តល់ឱកាសបង្ហាញនូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ការអភិវឌ្ឍសេដ្ឋកិច្ច សម្បត្តិវប្បធម៌បេតិកភណ្ឌ និងធនធានទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសចិន និងប្រទេសកម្ពុជា ជូនភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទស្សនាកំសាន្ត ក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថេរភាព មិត្តភាព និងសុខដុមរមនាយូរអង្វែង ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរុងរឿងរួមគ្នានៅក្នុងតំបន់ ក៏ដូចជារួមគ្នាដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចសង្គម និងបរិស្ថានដែលកំពុងប្រឈមមុខ។
ឯកឧត្តម Wang Wentin អគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន មានការផ្លាស់ប្តូរនិងដំណើរទស្សនកិច្ចជាច្រើនដែលបានបើកសករាជថ្មីនៃការរៀនសូត្រពីគ្នាទៅវិញទៅមក។ដោយឆ្លងកាត់ដំណើរព្យុះភ្លៀងនិងកិច្ចសហការរួមគ្នា ឆ្នាំ២០២៤គឺជាឆ្នាំដំបូងដើម្បីអនុវត្តសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មីហើយវាក៏ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិនផងដែរ។សព្វថ្ងៃការកសាងសហគមន៍ដែលមានអនាគតរួមគ្នារវាងកម្ពុជានិងចិនទទួលបានលទ្ឋផលជាផ្លែផ្កា ទំនាក់ទំនងមិត្តភាពជាប្រពៃណីកាន់តែរឹងមាំនិងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ថ្លែងក្នុងពិធីបើកពិព័រណ៍រូបថត ឯកឧត្តម សុខ សូកេន មានប្រសាសន៍ថា ការរៀបចំនូវព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្ត ទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួង ទេសចរណ៍កម្ពុជា និងក្រុមហ៊ុន China înternational Communication Group (CICG) ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្តែង ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្តោតលើវិស័យអាទិភាពចំនួន៦ក្នុងដោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ព្រឹត្តិការណ៍នេះជួយចូលរួមចំណែកយ៉ាងសកម្មដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤- ដែលត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ទាំងអស់នេះ គឺបានបង្ហាញយ៉ាងច្បាស់ពីទន្ទុះក្នុងការសហការ និងជំរុញសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ។ ឯកឧត្តម សុខ សូកេន មានប្រសាសន៍ទៀតថា ជាការពិតប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញ ទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ។ ប្រជាជនចិន និងប្រជាជនកម្ពុជាមានភាពស្រដៀងគ្នា និងពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀម ទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ ។ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នានារួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន២០២៤» ពិសេសពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» នាពេលនេះ យើងនឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសយើងទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាពការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់នូវប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ ។ ឯកឧត្តម សុខ សូកេន បន្តថា៖រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតនិងថាមពលរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា។ ជាការពិត,សុខសន្តិភាព ធានាបាននូវការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលបានចាត់ទុកជា «មាសបៃតង» របស់កម្ពុជា ជាមួយគ្នានេះរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលបានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ដែលចូលរួមជំរុញការអ ភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ តាមការចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១,ក្រសួងទេសចរណ៍បានកំណត់ចក្ខុវិស័យច្បាស់លាស់ គឺ«ដើម្បីរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងភាពធន់នៃកម្ពុជា តាមរយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ»។
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *