អភិបាលរងខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋាន រួមនឹងមន្រ្តីពាក់ព័ន្ធ បង្កើនសកម្មភាពអប់រំផ្សព្វផ្សាយ ផលប៉ះពាល់ នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋឲ្យបានខ្លាំក្លា

តាកែវ ៖ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត ណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិឃុំសង្កាត់ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនសកម្មភាពអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋ រួមនឹងយុវជន ឲ្យបានខ្លាំងក្លា និងផុលផុសថែមទៀត ដើម្បីអោយពួកគាត់បានយល់ដឹងពីច្បាប់ នឹងរួមគ្នា បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនខុសច្បាប់។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរ ទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ ក្រោមប្រធានបទ«រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន» ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានអញ្ជើញចូលរួមពីលោកជំទាវឧត្តមសេនីយ៍ឯក ឈឹម សិទ្ធបុណ្យរិទ្ធ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អ៊ិត សារុន សមាជិកក្រុមប្រឹក្សាខេត្ត រួមនិងមន្រ្តីពាក់ព័ន្ធជាច្រើនទៀតចូលរួមប្រមាណជិត៥០០នាក់ផងដែរ។

លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀន ជាបញ្ហាសកល ដែលបង្ករភាពស្មុគស្មាញ និងផ្ដល់ផលវិបាកជាច្រើនដល់សង្គមជាតិ។ ដូច្នេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់លើកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការលើកកម្ពស់សកម្មភាពផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហការចលនាអោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន សំដៅធ្វើយ៉ាណាលើកកម្ពស់ការយល់ដឹងពីច្បាប់ នឹងផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីឈានទៅលុបបំបាត់គ្រឿងញៀនចេញពីមូលដ្ឋានអោយអស់។

លោកអភិបាលរងខេត្តតាកែវបានបន្តទៀតថារាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ ក្រោមការដឹកនាំ ប្រកបដោយភាពវ័យឆ្លាត និងស្វាហាប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហាគ្រឿងញៀន ដោយបានដាក់ចេញយុទ្ធសាស្ត្រគន្លឹះ ដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំង និងគ្រឿងញៀនខុសច្បាប់នេះ។ ជាមួយគ្នានោះដើម្បីបង្កើនប្រសិទ្ធភាពនៃការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិថ្មីៗនេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ឲ្យប្រើប្រាស់កម្មវិធីលើទូរស័ព្ទដៃឈ្មោះថា No Drug ជាកម្មវិធីមួយផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ យុវជន សិស្សនិស្សិត បានយល់ដឹងកាន់តែច្បាស់ពីច្បាប់ស្ដីពីគ្រឿងញៀន ហើយនៅក្នុងកម្មវិធីនេះដែរ ប្រជាពលរដ្ឋក៏អាចចូលរួមរាយការណ៍មកកាន់សមត្ថកិច្ចបាន ក្នុងករណីជួបប្រទះឃើញមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងមូលដ្ឋាន ដើម្បីសមត្ថកិច្ចបានដឹង និងចុះអន្តរាគមន៍ភ្លាមៗ៕

នៅក្នុងឱកាសនោះដែរ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ បានធ្វើការណែនាំបន្ថែមទៀត ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ពិសេសនៅតំបន់ព្រំដែន ត្រូវពង្រឹងយន្តការ ត្រួតពិនិត្យ នៅតាមច្រកទ្វារព្រំដែននានា ក្នុងខេត្តឱ្យបានតឹងរឹងបំផុត ដើម្បីទប់ស្កាត់ឱ្យបាននូវការនាំចូល សារធាតុគីមីផ្សំគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីរួមចំណែកធានាបាននូវ គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល បានដាក់ចេញ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *