ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត បានអញ្ជើញសំណេះសំណាលនិងប្រគល់បណ្ណសរសើរ លិខិតសរសើរ អបដោយថវិកា របស់ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលនៃរដ្ឋបាលខេត្តទាំង៤៩ដែលបានអនុវត្តគោលនយោ បាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៣។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់មានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលឃុំ សង្កាត់និងនគរបាលរដ្ឋបាលទាំង៤៩ដែលបានសហការនិងបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់និងផ្តល់នូវសេវាសាធារណៈនៅក្នុងមូលដ្ឋានក្នុងឆ្នាំ២០២៣បានល្អប្រសើរ។ការថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនិងវិស័យផ្សេងៗជាច្រើនស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម បានកត់សម្គាល់ឃើញថា បញ្ហាប្រឈមដែលនៅសេសសល់រួមទាំងកិច្ចការសំខាន់ៗនានាជាច្រើនទៀតនៅក្នុងមូលដ្ឋានត្រូវតែបន្តពុះពារអនុវត្តឱ្យបានល្អក្នុងឆ្នាំ២០២៤និងឱ្យមានការចូលរួមគាំទ្រកាន់តែច្រើនជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលមានគោលបំណងនិងសំណូមពររួមមានកសាង ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមទាំងអនាម័យ បរិស្ថាន សុខុមាលភាព កាត់បន្ថយអត្រាគ្រោះថ្នាក់ គ្រោះមហន្តរាយ ជំងឺឆ្លងរាតល្បាត លើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ការកសាងកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុបក្នុងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពដោយបំផុសឱ្យមានកិច្ចសហការចូលរួមជាមួយ សមត្ថកិច្ចពីវិស័យសាធារណៈវិស័យឯកជននិងអ្នកពាក់ព័ន្ធនានាព្រមទាំងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈពិធីសំណេះសំណាលនិងប្រគល់បណ្ណសរសើរ លិខិតសរសើរនាពេលនេះក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញផែនការសកម្មភាព១- ផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព សមធម៌និងទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ។២-នៅក្នុងមូលដ្ឋានគ្មានបទល្មើស គ្រប់ប្រភេទ ពង្រឹងយន្តការ តាមដាន ត្រួតពិនិត្យ ប្រយុទ្ធប្រឆាំងនិងបង្កាបង្ក្រាបនូវរាល់បទល្មើសឱ្យបានទាន់ពេលវេលា ឆាប់រហ័សមានប្រសិទ្ធភាពនិងតម្លាភាព។៣-បង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាតាមកម្មវិធីសាសនា សិល្បៈវេទិកា នៅតាមសាលារៀន វត្តអារាម ទីតាំងអាជីវកម្ម សេវាកម្ម និងតំបន់ស្មុគស្មាញបានយល់ដឹងអំពីផលប៉ះពាល់ដែលបណ្តាមកពីការមិនគោរពច្បាប់។៤-គ្មានអំពើអនាចារ គ្មានការជួញដូរ គ្មានអំពើហឹង្សា និងគ្មានក្មេងទំនើង ។៥-បន្តការខិតខំដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
៦-គ្រប់ភូមិ ឃុំ សង្កាត់ត្រូវមានអនាម័យ មានសោភ័ណភាពនិងបរិស្ថានស្អាតល្អ ឈរលើគោលការណ៍រស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អជីវិតនិងគ្រួសារសង្គមជាតិរីករាយរុងរឿង។៧-ឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតល្បាតនិងត្រូវមានផែនការទុកជាមុនក្នុងការសង្គ្រោះជួយដល់អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងកាត់បន្ថយហានិភ័យដែលបណ្តាលមកពីគ្រោះមហន្តរាយ។
ការពង្រឹងសន្តិភាព សន្តិសុខសាធារណនៅតែជាកត្តាអាទិភាពចម្បងបំផុតដើម្បីបង្កបរិយាកាសអំណោផលដល់ការធានាប្រក្រតីភាពនៃជីវភាពសង្គមនិងបន្តអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព ព្រមទាំងការពង្រឹងភាពសុខរមនាក្នុងសង្គមរិតតែមានការីកចម្រើនទៅអនាគត។
សូមជម្រាបជូនថាការផ្តល់បណ្ណសរសើរ លិខិតសរសើរ អបដោយថវិការបស់ក្រសួងមហាផ្ទៃរបស់រដ្ឋបាល ឃុំ សង្កាត់និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១មានចំនួន២២ឃុំ សង្កាត់និង២២ប៉ុស្តិ៍នគរបាលរដ្ឋបាលទទួលបណ្ណសរសើរ១និងអមដោយថវិកាចំនួន៥០ម៉ឺនរៀល ជ័យលាភីចំណាត់ថ្នាក់លេខ២មាន២៤ឃុំ សង្កាត់និង២៤ប៉ុស្តិ៍នគរបាលរដ្ឋបាលទទួលបានបណ្ណសរសើរ១និងអមដោយថវិកា៣២៥ពាន់រៀលនិងជ័យលាភីចំណាត់ថ្នាក់លេខ៣មាន៣ឃុំ សង្កាត់និង៣ប៉ុស្តិ៍នគរបាលរដ្ឋ បាលទទួលបានបណ្ណសរសើរ១និងអបដោយថវិកា២២៥ពាន់រៀល៕ សុក្ខារិន