តាកែវ៖ ជនសង្យ័យម្នាក់ ត្រូវបានប៉ូលីសស្រុកសំរោងឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកកាំភ្លើងk59 បាញ់ជនរងគ្រោះចំនួន៧គ្រាប់ ហើយរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង១៩ នៅចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតនៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាជនបង្កមានឈ្មោះ ឌឹត និមល ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ ព្រៃល្ង សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជិះរថយន្តតាមជនរងគ្រោះរហូតដល់ភូមិសាស្រ្តស្រុកសំរោងខណះដែលជនរងគ្រោះចុះបន្ទោបង់ក៏ដកកាំភ្លើងបាញ់សំដៅទៅលើជនរងគ្រោះឈ្មោះ ឡេង កាក់ ភេទប្រុស អាយុ៣៦ មុខរបរ លក់ដូរ រស់នៅ ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលអោយរងរបួសធ្ងន់រួចគេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង សហកា ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្វាវ ចុះទៅកន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី។
លុះដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការ និងសម្របសម្រួលដោយឯកឧត្តម ព្រះរាជអជ្ញា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងរបស់នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យមួយនាក់ បាននៅចំណុចភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងវត្ថុតាងកាំភ្លើង k៥៩មួយដើម និងគ្រាប់ចំនួន៤គ្រាប់។មូលហេតុបណ្តាលមកពីមានគំនុំរឿងរកស៊ីជាមួយគ្នាដោយជនបង្កខឹងជនរងគ្រោះជំពាក់លុយមិនសង។បច្ចុប្បន្នជនបង្កខាងលើត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕