ស្នងការនគរបាលខេត្តតាកែវ ប្រារព្ធពិធីទិវាអន្តរជាតិ នារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល

ខេត្តតាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី ៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំពិធី<<សំណេះសំណាលជាមួយមន្រ្តីនគរបាលជាតិនារី និងអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល។
      ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងលោកស្រី ប៉ែន រតនៈ រំចង់ ដោយមានការអញ្ជើញចូលរួមពីៈ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអនុប្រធានការិយាល័យកណ្តាល លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ១២៥នាក់ ស្រីចំនួន ៧៨នាក់។ ជាកិច្ចចាប់ផ្តើមលោកស្រី ឧត្តមសេនីយ៍ត្រី ប៉ែន សារ៉ុម ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ឡើងធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលក្រុមយេនឌ័រសម្រេចបានក្នុងឆ្នាំ២០២៣ និងលើកឡើងពីការប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចស្នូលបន្ថែមទៀតឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងជាពិសេសកាត់បន្ថយនូវគម្លាតយេនឌ័រនៅតាមបណ្តាអង្គភាព និងស្ថាប័នរដ្ឋ។ បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លា នៃការប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ តាងនាមថ្នាក់ដឹកនាំកងកម្លាំនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវទាំងមូល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមចូលរួមអបអរសាទរ ប្រកបដោយក្តីសោមនស្សរីករាយ ជាមួយបងប្អូន កងកម្លាំងនគរបាលនារីទាំងអស់ក្នុងមនោសញ្ជោតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត និងបានឧបត្ថម្ភថវិកាជូនដល់កងកម្លាំងនគរបាលនារីចំនួន ៧៧នាក់ម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០៛(ប្រាំម៉ឺនរៀល)។
       ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងភរិយា សូមកោតសរសើរដល់បងប្អូនកងកម្លាំងនគរបាលនារីទាំងអស់ ដែលជាស្រ្តីបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការបំពេញតួនាទីភារកិច្ចតាមអង្គភាព ស្ថាប័នរដ្ឋ និងមានទំនួលខុសត្រូវជាច្រើនក្នុងជីវភាពប្រចាំថ្ងៃសម្រាប់សុភមង្គលក្នុងគ្រួសារ។ ហើយស្រ្តីមានភាពមមាញឹក និងទំនួលខុសត្រូវខ្ពស់ណាស់ចំពោះកាតព្វកិច្ចតាមបណ្តាអង្គភាព ស្ថាប័នរដ្ឋ ព្រមទាំងមានទំនាក់ទំនងល្អ និងការយោគយល់អត់ឱនឲ្យគ្នាទៅវិញទៅមកស័ក្តិសមជាស្រ្តី នៃមាតាពិភពលោកក្នុងយុគសម័យឌឺជីថលប្រកបដោយប្រសិទ្ធិភាព និងចូលរួមចំនែកយ៉ាងសកម្មនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពស្រមតាមយុទ្ធសាស្រ្តដឹកនាំរបស់រាជរដ្ឋាបាលកម្ពុជា និងការចូលរួមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមក្នុងយុទ្ធនាកាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ បន្ថែមពីនេះលោកឧត្តមសេនីយ៍ទោ ស្នងការ សូមថ្លែងអំណរគុណ និងជូនពរកងកម្លាំងនគរបាលនារីទាំងអស់ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសិរីសួរស្តី សុភមង្គល វិបុសសុខគ្រប់ប្រការ និងជួបប្រទះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *