តាកែវ៖ ករណីលោកនាយកសាលានិងភរិយាធ្វើមេតុងទីន ត្រូវកូនចៅជាគ្រូបង្រៀន និងអាជីវករលក់ដូរក្នុងស្រុកអង្គរបុរីចំនួន៤២រូប នាំគ្នាប្ដឹងពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត ត្រូវបានតុលាការខេត្តតាកែវធ្វើការកោះហៅភាគីតំណាងដើមបណ្ដឹង និងចុងមកបណ្ដឹងមកសួរនាំហើយ នៅថ្ងៃទី១ និងព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសាលាតំបូងខេត្តតាកែវ បន្ទាប់ពីផុតដៃនៃការសម្របសម្រួលរបស់មន្ទីរជំនាញ និងអាជ្ញាធរខេត្ត។
តំណាងអោយលោកគ្រូអ្នកគ្រូ និងអាជីវករជាកូនតុងទីន លោកស្រី ស៊ឹម ស្រីម៉ុម បាននិយាយរៀបរាប់ថា នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកស្រីរួមជាមួយបងប្អូនដែលជាកូនតុងទីនទាំង ៤២រូប បានចូលមកតុលាការតាមកោះហៅរបស់លោកព្រះរាជអាជ្ញារងអមអាយ្យការសាលាតំបូងខេត្តតាកែវ ដើម្បីសួរនាំរឿងហេតុពាក់ព័ន្ធនឹងករណីប្ដឹងលោក អ៉ី យ៉ុង ភេទប្រុស អាយុ៥៣ឆ្នាំ និងឈ្មោះ ប៉ិច ហៀក ជាប្រពន្ធ (អ្នកប្រមូលតុងទីន) មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ពីបទឆរបោក ដោយអ្នកទាំងពីរនាក់ប្ដីប្រពន្ធនេះជាមេតុងទីន មិនបានបំពេញកាត្វកិច្ចឬគោរពទៅតាមកិច្ចសន្យាជាង១ឆ្នាំមកហើយ ក្នុងការសងលុយត្រឡប់ទៅអោយកូនតុងទីនចំនួន ៤២រូបវិញ ដែលទង្វើនេះត្រូវបានកូនតុងទីនដែលជាលោកគ្រូអ្នកគ្រូបង្រៀននិងអាជីវករ នាំគ្នាប្ដឹងទៅតុលាការដើម្បីរកយុទ្ធតិធម៍ ដើម្បីអោយមេតុងទីនរូបនេះបានសងលុយ ដែលជាញើសឈាមរបស់ពួកគាត់ត្រឡប់មកវិញ ។
ជុំវិញករណីនេះដែរលោក អ៉ី យ៉ុង ដែលជាមេតុងទីន បានប្រាប់តាមរយៈទូរស័ព្ទអោយដឹងនៅព្រឹកថ្ងៃទី ២ ខែកុម្ភៈនេះថា ជុំវិញករណីកូនតុងទីនដែលជាគ្រូបង្រៀននិងអាជីវករប្ដឹងរូបលោក លើករណីមិនគោរពតាមការសងត្រឡប់លុយតុងទីន ទៅអោយកូនតុងទីនវិញនេះ គឺរូបលោកបានធ្វើការដោះស្រាយជាមួយកូនតុងទីនចំនួន ៣តំណាក់កាលហើយតាំងពីស្រុក មន្ទីរជំនាញ និងអាជ្ញាធរខេត្ត ក្នុងការស្នើសុំអោយកូនតុងទីនអាច អោយរូបលោក លក់ដី ឬលក់តូបផ្សារ ដើម្បីបានលុយសងមកកូនតុងទីន តែលក់មិនដាច់ រូបលោកសុខចិត្តអោយកូនតុងទីន ធ្វើការកាត់កងជាមួយដី ស្រែ ឬតូបលក់ដូរ តែខាងកូនតុងទីនមិនយល់ព្រមព្រោះតម្លៃលក់ថ្លៃ ដោយកូនតុងទីនទាំង ៤២រូប ស្នើសុំយកជាលុយសុទ្ធត្រឡប់មកវិញ ។ លោកបន្តរថា ចំពោះចំនួនលុយតុងទីនរបស់អ្នកទាំង ៤២រូបនេះ គឺមានចំនួនជាង ៣៩ម៉ឺនដុល្លារ និងនៅមានកូនតុងទីននៅមិនទាន់បង់លុយគ្រប់ចំនួន ជាង៥០% នៃទឹកលុយសរុប ដោយពួកគាត់អាក់ខានបង់លុយ ក្នុងរដូវកាលផ្ទុះជំងឺកូវីដ ខណៈដែលតុងទីននេះបានចាប់ផ្ដើមលេងតាំងពីរឆ្នាំ ២០២០ មកដែលជាពេលដែលកំពុងជួបបញ្ហាខ្លាំងក្នុងការផ្ទុះជំងឺកូវីដ១៩ ។ តាកែវ