ប្រជាពលរដ្ឋមកពីឃុំខ្នាត និង សង្កាត់ទឹកវិល លើកគ្នាសុំឲ្យអាជ្ញាធរ ខេត្តសៀមរាប ជួយសម្របសម្រួលជាមួយ អង្គការយូនីស្កូ (UNESCO)

សៀមរាប៖ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងឃុំខ្នាតស្រុកពួក និងសង្កាត់ទឹកវិលក្រុងសៀមរាប ក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បានលើកគ្នាមករដ្ឋបាលសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ដើមី្បស្នើសុំឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលជាអាណាព្យាបាលគ្រប់គ្រងពួកគាត់ ជួយសម្របសម្រួលជាមួយ អង្គការយូនីស្កូ (UNESCO) ដើម្បីកាត់ឆ្កៀលតំបន់ពួកគាត់រស់នៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប និងតំបន់ឃុំខ្នាតស្រុកពួក ចេញពីការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា ។
ក្នុងការសុំឲ្យអាជ្ញាធរខេត្តជួយសម្របសម្រួលជាមួយ អង្គការយូនីស្កូ (UNESCO) ដល់ពួកគាត់ដោយលើកឡើងថា ដីដែលពួកគាត់រស់សព្វថ្ងៃនេះ គឺជាដីពីដូនតា ដែលមានការរស់នៅគ្រប់ជំនាន់តាំងពីយូរយារណាស់មកហើយ ។ តែមកដល់ពេលបច្ចុប្បន្ននេះ ពួកគាត់រស់នៅដោយមានភាពភ័យខ្លាចពី អាជ្ញាធរជាតិអប្សរា ដោយរស់នៅទាំងភាពឈឺចាប់ជាទីបំផុត ប្រៀបបានដូចទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យ ដោយគ្មានសិទ្ឋរស់នៅលើដីធ្លីរបស់ខ្លួនឯង ហើយគ្មានសិទ្ឋសាងសង់លំនៅដ្ឋានរបស់ខ្លួន ព្រមទាំងពេលពួកគាត់ធ្វើការដាំដុះដំណាំ បន្លែ ដោយធ្វើចំណា ឬបិតបាំងសំណាញ់ ការពារកុំឲ្យ សត្វមាន់ទា គោក្របីចូលស៊ី ឬ ក៏ធ្វើការជួសជុលដំបូលផ្ទះ ក៏ត្រូវបានកម្លាំងអាជ្ញាធរជាតិអប្សរា ទៅធ្វើការរុះរើ និង ដកបំផ្លាញចោលទៀតផង ។ ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ក៏បានគាំទ្រនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ នូវសោភណ័្ឌភាពនៅមុខអង្គរ ដោយបងប្អូនដែលទៅរស់នៅមុខប្រាសាទនោះ ក្នុងសម័យរដ្ឋកម្ពុជា ត្រូវបានអាជ្ញាធរខេត្ត បានធ្វើការជន្លៀសចេញ និង ចែកដីឡូត៌ឲ្យពួកគាត់រស់នៅក្នុងសង្កាត់គោកចកសព្វថ្ងៃនេះ ។ តែក្រោយការបោះឆ្នោតនៅឆ្នាំ១៩៩៣ បងប្អូនទាំងនោះក៏បានទៅសាងសង់ក្នុងភាពអាណាធិបតេយ្យ ធ្វើឲ្យបាត់បង់សោភណ្ឌ័ភាព តំបន់រមណីយដ្ឋានអង្គរ ហើយទើបពេលនេះមានចំណាត់ការ ឲ្យពួកគាត់ផ្លាស់ប្តូរទីលំនៅ រស់នៅកន្លែងថ្មីជាបន្តបន្ទាប់ ។ ពួកគាត់បន្តថា តំបន់ពួកគាត់រស់នៅ គឺនៅឆ្ងាយពីប្រាសាទបុរាណ គឺមានតែតំបន់ភូមិចាស់ ជាទឹកដីដូនតារបស់ពួកគាត់ ហើយក៏មិនបាន ប៉ះពាល់ដល់សោភ័ណ្ឌភាពនោះឡើយ មានតែពួកគាត់បានចូលរួមក្នុងការថែរក្សា និង អភិរក្ស ដោយបានធ្វើការដាំដុះដើមឈើ និង ផលដំណាំនៅតាមភូមិដ្ឋាន ប្រកបដោយពណ៌បៃតង ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាតំបន់ ទេសចរណ៍បៃតង ឬ ក៏ជាកសិទេសចរណ៍ ។
ក្នុងឱកាសនោះដែរលោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបជាមួយបងប្អូនប្រជាពលរដ្ឋ ហើយលោកអភិបាលរងខេត្ត ក៏បានទទួលយកសំណើរ ញត្តរបស់បងប្អូន ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ ពិភាក្សាបន្ត ក្នុងការរកដំណោះស្រាយ ជូនបងប្អូន ។ ក្នុងនោះលោកអភិបាល រងខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់អប្សរា សូមរក្សាអារម្មណ៍ឲ្យបានល្អ និង កុំធ្វើអ្វីមួយដែលផ្ទុយពីច្បាប់រដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សូមឲ្យការវិលត្រឡប់របស់បងប្អូនទៅកាន់លំនៅដ្ឋានប្រកបដោយសុវត្ថិភាពទៀតផង ។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *