សិស្សដែលមានជីវភាពក្រីក្រ នៅតាមជនបទចំនួន៧០នាក់ ក្នុងស្រុកអង្គរធំ ទទួលបានកង់ និងសម្ភារៈសិក្សា ពីសមាគមសង្រ្កោះជីវិត ប្រទេសសឹង្ហបូរី រួមនិងព្រះសង្ឃ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

សៀមរាប៖ ដោយមើលឃើញពីការលំបាក របស់សិស្សានុសិស្សក្រីក្រ នៅតាមជនបទដែលកំពុងតែមានការខ្វះខាតនូវមធ្យោបាយ ធ្វើដំណើរមកសាលារៀននោះ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាបខេត្តសៀមរាប បានដឹកនាំសប្បុរសជន នៃសមាគមសង្រ្គោះជីវិតដែលមកពីប្រទេសសឹង្ហបូរី ដោយបាននាំយកនូវកង់ និងសម្ភារៈសិក្សារួមជាមួយថវិកា មួយចំនួនដើម្បីទៅចែកជូនដល់ប្អូនៗសិស្សានុសិស្ស ដែលមានជីវភាពក្រីក្រចំនួន៧០នាក់ ដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សានិងអនុវិទ្យាល័យនានា ក្នុងស្រុកអង្គរធំខេត្តសៀមរាប ។ ពិធីចែកកង់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្សនាពេលនេះដែរ គឺរៀបចំនិងធ្វើឡើងនៅក្នុងអង្គការពន្លកនៃក្តីសង្ឃឹម ហ្វូមូសាដែលស្ថិតនៅក្នុងភូមិស្ពានថ្មី ឃុំលាងដៃស្រុកអង្គរធំ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ លោក ស្រី ឈន សុគន្ធា អភិបាលរងនៃគណៈអភិបាលស្រុកអង្គរផងដែរ ។ លោក ហ្កូ តុងហុង ( Goh Tung Hong ) ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរី បានមានប្រសាសន៍ថា សមាគមសង្រ្គោះជីវិត គឺជាសមាគមដែលជួយសង្រ្គោះ អ្នកដែលមានជីវភាពខ្វះខាតទីទ័លក្រដែលកំពុងជួបបញ្ហា ប្រឈមនានាដោយមិនប្រកាន់ពូជសាសន៍ និន្នាការ ឬបក្សនយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើពិភពលោកតែប៉ុណ្ណោះ ។ លោកបានបន្តទៀតថា ក្នុងនាមលោកជាប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរី លោកនិងកៀគរសប្បុរសជនដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សកម្ពុជា ដែលមានជីវភាពខ្វះខាត នៅតាមមូលដ្ឋានផ្សេងៗទៀតផងដែរ ។ ក្នុងឱកាសនោះដែរព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចកបានមានសង្ឃដីកាថា កិច្ចការសាសនា មានការរីកចម្រើនទៅបាន គឺត្រូវបានពឹងផ្អែកលើសុខសន្តិភាព ហើយការលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនា គឺត្រូវតែមានការ ចូលរួមពីសំណាក់ប្រជាពុទ្ធបរិស័ទ្ធ ដែលជាពុទ្ធសាសនិកជន ប្រកបដោយការអប់រំផ្លូវកាយ ផ្លូវចិត្ត ឲ្យឆ្ពោះទៅភាពស្ងប់ស្ងាត់ និងអាធ្យាស្រ័យដល់អ្នកដ៍ទៃ ។ ដោយកត្តាសន្តិភាពនេះហើយ ដែលធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាពុទ្ធបរិស័ទមានការរីកចម្រើន ព្រមទាំងបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួនក្នុងការចូលរួមកសាងទីវត្តអារាម មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្រះទឹក អណ្តូងទឹកនានាផងដែរ ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បន្តថាព្រះពុទ្ធសាសនា ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទាំងផ្លូវកាយនិងផ្លូវចិត្ និង ការអប់រំចិត្ត ឲ្យចេះស្រឡាញ់ សាមគ្គីគ្នា និង ជួយគ្នាទៅវិញមក។ហើយចំពោះ សម្ភារៈសិក្សានិងថវិកាដែលព្រះអង្គរបានចូលរួម ជាមួយសមាគមសង្រ្គោះជីវិតនៃប្រទេសសឹង្ហបូរី ដើម្បីចែកជូនដល់សិស្សានុសិស្សនាពេលនេះ គឺបានមកពីសទ្ធាជ្រះថ្លា របស់ប្រជាពុទ្ធបរិស័ទទីជិតឆ្ងាយ និងសប្បុរសជនក្នុងនិងក្រៅប្រទេស ហើយ ចំពោះការផ្តល់អំណោយ កង់ និងសំភារៈសិក្សាដល់ សិស្សានុសិស្សនាពេលនេះគឺបង្ហាញពីការចូលរួមនិងគិតគូរ ព្រមទាំងការចែករំលែកពីគ្នាទៅវិញទៅមក នៅក្នុងសង្គមផងដែរ ។ លោកស្រី ឈន សុគន្ធា អភិបាលរងស្រុកអង្គរធំ បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរស្រុកអង្គរធំ សូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក រួមជាមួយនិងសប្បុរសជននៃសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរីទាំងអស់ដែលបានផ្តល់អំណោយយកមកចែកជូន ដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រីក្រចំនួន៧០នាក់ ដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យនានាក្នុងស្រុកអង្គរធំនាពេលនេះ គឺដើម្បីឱ្យប្អូនៗដែលមានផ្ទះនៅឆ្ងាយពីសាលារៀន ហើយអាចជិះធ្វើដំណើរមកសាលារៀនបានទាន់ពេលវេលា។ ក្នុងឱកាសនោះផងដែរ លោកស្រី ឈន សុគន្ធា ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ណែនាំនិងជំរុញដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និង ចៀសឲ្យផុតពីអំពើអបាយមុខផ្សេងៗ ហើយ ខំកសាង ខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អ និង សូមឲ្យជៀសចេញឲ្យឆ្ងាយពី គ្រឿងញៀន ល្បែងពាលា ត្រូវសិក្សាស្វែងយល់ និង គោរព ច្បាប់ចរាចរណ៍ផ្លូវគោក ពីព្រោះក្មួយៗទាំអអស់ គឺជាធនធានមនុស្ស នៃសរសរស្តម្ភដ៏រឹងមាំ ក្នុងការអភិវឌ្ឍសង្គមជាតិ ដើម្បីអនាគតរបស់ប្រទេសជាតិព្រោះថាប្អូនជា សិស្សានុសិស្សគឺជាសសរទ្រូងនៃប្រទេសជាតិហើយ ប្រទេសជាតិត្រូវប្អូនៗសិស្សានុសិស្សដែលជាទំពាំង ស្នងឬស្សីជំនាន់ក្រោយនេះហើយដែលជាអ្នក កសាងនិងអភិវឌ្ឍប្រទេសជាតិបន្តវេន ។ ក្នុងនោះអំណោយដែលផ្តល់ឱ្យសិស្សក្រីក្រចំនួន៧០នាក់ គឺក្នុងម្នាក់ៗ ទទួលបានកង់ចំនួន១ .សៀវភៅ២ក្បាល.ប៊ិច២ដើម និងថវិកាចំនួន៥.០០០រៀល ។ ដោយក្នុងនោះមានអំណោយកង់ចំនួន៧០គ្រឿង គឺជាអំណោយរបស់ សមាគមសង្រ្គោះជីវិតដែលមកពីប្រទេស សឹង្ហបូរីហើយចំណែកសម្ភារៈសិក្សា និងថវិកាគឺជាអំណោយ ចូលរួមរបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *