ឯកឧត្តម ខូយ រីដា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបូកសរុប លទ្ធផលសន្និបាតឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់គណបក្ស ប្រជាជនកម្ពុជា

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៣នៅស្នាក់ការគណបក្សខេត្តស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយមហា សន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៩-១០ខែធ្នូនៅវិមាន៧មករានៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះបានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល តំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត គណអភិបាលខេត្ត សាខាបក្សមន្ទីរ អង្គភាព ស្រុក ក្រុង ឃុំ សង្កាត់ ក្រុមការងារយុវជនគណបក្ស សហភាពសហព័ន្ធយុវជន បញ្ញវន្តក្មេងវត្តចំនួន ១.៣៥៤នាក់។

នៅក្នុងឱកាសនោះឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តនិងជាអនុប្រធានគណបក្សខេត្តបានអានទាំងស្រុងនូវលទ្ធផលនៃការបោះឆ្នោតរបស់អង្គសន្និតបាតនិងសេចក្តីសម្រេចរបស់មហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដែលបានប្រារព្ធធ្វើវិមាន៧មករា នៅរាជធានីភ្នំពេញកាលពីថ្ងៃទី៩-១០ខែធ្នូឆ្នាំ២០២៣ជូនដល់សមាជិក សមាជិការផងដែរ។

ថ្លែងសំណេះសំណាលនាឱកាសនោះឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ពិតជាមានក្តីរំភើបរីករាយចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ខេត្តពោធិ៍សាត់មាន១១គណបក្ស ប្រជាពលរដ្ឋបានមកបោះឆ្នោត២៦២.១៥០នាក់ស្មើនឹង៨៧.២៩%។ក្នុងចំនួននោះគណបក្សប្រជាជនកម្ពុជាទទួលបាន២៣១.៦៨២សម្លេងស្មើនឹង៩០.៨៨%នៃចំនួនសន្លឹកឆ្នោតបានការនិងទទួលបានអាសនចំនួន៤លើ៤ស្មើនឹង១០០%។នេះគឺជាជោជ័យមួយដោយបានការ ខិតខំប្រឹងប្រែងពីសំណាក់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរអង្គភាពរហូតដល់ថ្នាក់មូលដ្ឋាន ដែលមានជំនឿជឿជាក់ចំពោះការដឹកនាំ មានចរិកបម្រើប្រជាពលរដ្ឋពិតៗមានសន្តិភាពនិងអភិវឌ្ឍន៍ប្រកបដោយបញ្ញាញាណរបស់     សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានគណបក្សនិងភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តម​ប្រធានបានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១(២០២៣-២០២៨)គឺកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាពនិងពង្រឹងអភិបាលកិច្ចជាស្នូលដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពួនជ្រុំសមិទ្ធិផលជាតិ ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងកសាមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមបានថ្លែងគួសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោ បាយអាទិភាពទាំង៦ចំណុចនិងវិធានការគន្លឹះទាំង៥ ដោយផ្តោតការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ លើកកម្ពស់គុណភាពអប់រំ សេវាសុខាភិបាល គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងប្រសិទ្ធិភាពនៃប្រព័ន្ធយុត្តិធម៌។

ជាមួយគ្នានោះរាជរដ្ឋាភិបាលកម្ពុជាបន្តពង្រឹងខឿនការពារជាតិ ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញមិនឱ្យកម្លាំងណាមកបំពាបំពាននិងបំផ្លាញបានឡើយព្រមទាំងបន្តជម្រុញដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានាប្រកបដោយឆន្ទះមុតស្រួចនិងសង្គតិភាពតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់ ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គមនិងការអភិវឌ្ឍន៍។

ឆ្លងតាមរយៈនេះសូមឱ្យមន្ត្រីបក្សគ្រប់ផ្នែកគ្រប់ថ្នាក់ត្រូវរួបរួមចិត្តមួយ ថ្លើមមួយនិងយកអស់កម្លាំងកាយចិត្តបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌជម្នះគ្រប់បញ្ហាប្រឈមនិងជៀសវាងដាច់ខាតនូវទង្វើដែលខុសពីគោលការណ៍បក្ស៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *