រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ក្រោមម្លប់សុខសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិសេរីភាព ក្នុងការរស់នៅប្រកបរបរ ការងារចិញ្ចឹមជីវិត និង ការប្រារព្ធប្រតិបត្តិទៅតាមប្រពៃណី សាសនា ដែលប្រជាពលរដ្ឋកម្ពុជា គោរពស្រឡាញ់ ទៅតាម ការប្រតិបត្តិរបស់ខ្លួន ។ ក្រោមគោលមាគ៌ានយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៃម្លប់សន្តិភាពនេះហើយ រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះ ដើមី្បបង្កនូវភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដូចជាភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីយដ្ឋានធម្មជាតិ ប្រកបទៅដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អ និង ជាការស្តារឡើងវិញនូវវិស័យ ទេសចរណ៍នៅខេត្តសៀមរាប ក្រោយពីវិបត្តិកូវិដ១៩ បានសាបរលាបពីភពផែនដីនេះ ។ ម៉្យាងទៀត ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាការឧទ្ទិសដល់អតីតកាលអធិរាជនៃណាចក្រខ្មែរ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រជំនាន់នោះ ដែលព្រះអង្គទ្រង់បានដឹកនាំកងទ័ពជើងទឹកដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និង ពោរពេញដោយសមត្ថភាពប្រយុទ្ធ បានរំដោះជាតិមាតុភូមិ ចេញផុតពីការឈ្លានពានរបស់បច្ចាមិត្ត ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ និង កសាងសង្គមជាតិឲ្យរីកចម្រើនថ្កុំថ្កើងរហូតដល់ក្លាយជាអាច្ឆរយៈប្រទេសដ៏កំពូលនាសម័យនោះ ។ ព្រះរាជពិធីបុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំ ពាក់ព័ន្ធនឹងជំនឿយ៉ាងជ្រាលជ្រៅ ក្នុងមនោសញ្ចេតនារបស់យើង ដែលបុព្វបុរសខែ្មរបានប្រារព្វធ្វើតាំងពីយូរយារណាស់មកហើយ ដើម្បីជាការំលឹកដឹងគុណដល់ ព្រះគង្គារ ដែលហូរនាំដីល្បាប់ដ៏មានជីជាតិសម្រាប់បង្កបង្កើនផល នៃប្រជាកសិករយើង ហើយក៏ជារំលឹកដឹងគុណដល់ព្រះបរមគ្រូដែលយកកំណើតជាសត្វទន្សាយព្រះពោធិសត្វ ហើយឧទ្ទិសថ្វាយខ្លួន ដើម្បីសម្រេចនូវព្រះសម្មាសម្ពោធិញ្ញាណ ។
តាមការបញ្ជាក់របស់អនុប្រធានគណៈកម្មការបច្ចេកទេសបានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ មានទូកដាក់ពាក្យចូលរួមប្រកួតចំនួន ៣២ទូក មានទូកនារី ០៣ទូក ដែលមានចំណុះ ២២នាក់ ហើយមានកីឡាករ កីឡាការី សរុប ៨២១នាក់ នារី ៨៩នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ។ ក្នុងពិធីនេះដែរក៏ មានការប្រកួតប្រណាំង ក្រឡោ ដែលមានក្រុមកីឡាជាកុមារា កុមារី ចូលរួមផងដែរ ។
តាមការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃនៃព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ រដ្ឋបាលខេត្តសៀមរាប បានបង្កនូវភាពសប្បាយរីករាយជូនដល់បងប្អូនជាភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្ត ព្រមទាំងមានការប្រគុំដន្ត្រី ល្បែងរបាំប្រពៃណី និង ការតាងពិព័រណ៌ ភូមិមួយផលិតផលមួយរបស់ខេត្ត ព្រមទាំងមានការជឹះទូកទស្សនាកម្សាន្តនាពេលរាត្រីតាមដងស្ទឹងសៀមរាប។ ក្នុងព្រឹត្តិកាណ៍ ព្រះរាជពិធីបុណ្យអុំទូកនេះ ក៏ជាការទាក់ទាញអារម្មណ៍ដល់មហាជន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យកាន់តែបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។ ឯកឧត្តមបានលើកផងដែរ អំពីការងារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក ដើមី្បជូនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយ ព្រមទាំងអំពាវនាវដល់បងប្អូនដែលបានមកទស្សនាកម្សាន្ត ក្នុងពិធីបុណ្យអុំទូកនេះ ត្រូវចូលរួមសហការក្នុងការធ្វើអនាម័យ បរិស្ថាន ដោយប្រមូល វិចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ក្នុងការលើកកម្ពស់សោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រ ព្រមទាំងបានឲ្យអនុគណៈកម្មការរបៀបចំតុបតែងលម្អ ត្រូវពិនិត្យមើលប្រព័ន្ឋភ្លើងបំភ្លឺសាធារណៈ ដោយយកចិត្តទុកដាក់ខ្ពស់ ដើមី្បបង្កាកុំឲ្យមានកើតនូវប្រការអាក្រក់ណាមួយ នៅក្នុងពិធី ។ ឯកឧត្តមបានស្នេីដល់ប្រជាពលរដ្ឋ ដែលបានធ្វើប្រទីបលក់ក្នុងឱកាសបុណ្យអុំទូកនេះ មិនអនុញ្ញាតឲ្យយកឧបករណ៍ស្មោធ្វើជាប្រទីបឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ហេីយសូមបងប្អូនត្រូវធ្វើប្រទីបពីដើមចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាពដងស្ទឹងនោះឡើយ ព្រមទាំងបង្កើតនូវជីវៈចម្រុះនៃដងស្ទឹងទៀតផង។ ម៉្យាងទៀត ចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណា បានបំពុលបរិស្ថានដងស្ទឹងនោះ គណៈកម្មការនឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឲ្យលក់ដូរបន្តទៀតនោះឡើយ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *