កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯក ឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញមកសំណេះសំណាល សួរសុខទុក្ខ និង នាំយកអង្ករ គ្រឿងឧបភោគបរិភោគ គ្រាប់ពូជដំណាំ របស់ ប្រមុខរាជ រដ្ឋា ភិបាល កម្ពុជា ផ្តល់ជូនដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច ភ្នំជំរាយ ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានមានជ័យ ខេត្តកំពង់ឆ្នាំង ។
នៅក្នុងរបាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឲ្យដឹងថាថា អតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចមានចំនួន ១០២គ្រួសារ ដែលមានទាំងដីបង្កបង្កើនផល និងផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកំពង់ឆ្នាំង ដែលបានជួយដោះស្រាយការលំបាករបស់បងប្អូនអតីតយុទ្ធជន ពិសេស បានកោតសរសើរចំពោះ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ គ្រប់ពេលវេលាជួយដោះស្រាយនូវរាល់ការលំបាករបស់អតីតយុទ្ធជននៅទូទាំងខេត្តកំពង់ឆ្នាំង ពិសេសបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅទីនេះ បាន យ៉ាងល្អ ប្រសេីរ ។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី ក៏បានផ្សព្វផ្សាយអំពីការអភិវឌ្ឍន៍រីកចម្រើននិងក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយ គុណធម៌ និងភាពឈ្លាសវៃម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សូមឲ្យបងប្អូនរួមគ្នាថែរក្សាឲ្យបានគង់វង្សជារៀងរហូតនូវ សុខសន្តិភាព ដែល យេីង កំពុង មាន ដូច សព្វថ្ងៃ នេះ ដើម្បីឲ្យប្រទេសជាតិយើង បន្តការអភិវឌ្ឍរីកចម្រើនថែមទៀផលត ។
គួរបញ្ជាក់ផងដែរថាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលចែកជូនគ្រួសារអតីតយុទ្ធជនទាំង១០២គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ត្រីខ០១យួរ ទឹកសុទ្ធដបធំ០១កេស និងគ្រាប់ពូជដំណាំបន្លែបង្ការផ្សេងៗមួយចំនួនបន្ថែមទៀតផងដែរ ៕