អង្គកឋិនទានសាមគ្គី ដង្ហែចូលវត្តព្រះខ័ន សែន ជ័យ ប្រមូលបច្ច័យបានជាង ១៩ លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាម

សៀមរាប៖ ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយក មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧គូលេនសៀមរាប និងលោកជំទាវ លោក លោកស្រី នាយករង នាយផ្នែក មេក្រុម និងបងប្អូនយោធិនពិការព្រមទាំងគ្រួសារ ពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ បានអញ្ជើញចូលរួមអង្គកឋិនសាមគ្គី និងដង្ហែរ ចូលវត្ត ព្រះខ័នសែនជ័យ។
អង្គកឋិនសាមគ្គី ដែលផ្ដួចផ្ដើមព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តព្រមទាំងពុទ្ធបរិស័ទចំណុះ ជើងវត្តព្រះខ័នសែនជ័យ ព្រមទាំងពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយ បានស្រុះស្រួលមូលមតិគ្នាផ្តួចផ្តើមប្រារព្ធ ធ្វើពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែនិងវេរត្រ័យចីវរប្រគេន ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តព្រះខ័នសែនជ័យ ដែលស្ថិតនៅភូមិស្នារតេជោ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយប្រមូលបច្ច័យសម្រាប់ការកសាងសមិទ្ធផលនានាក្នុងទីអារាមបានចំនួន ១៩.២៥៥.៤០០រៀល(ដប់ប្រាំបួនលានពីរសែនប្រាំម៉ឺនប្រាំពាន់បួនរយរៀល)និងបច្ច័យបួនប្រគេនព្រះសង្ឃចំនួន ៣.៥៩០.០០០រៀល(បីលានប្រាំសែនប្រាំបួនម៉ឺនរៀល)។
*សរុបបច្ច័យទាំងអស់បាន=២២.៨៤៥.៤០០រៀល(ម្ភៃពីរលានប្រាំបីសែនបួនមុឺនប្រាំពាន់បួនរយរៀល)
អង្គកឋិនទានសាមគ្គីនេះក៍បានដង្ហែ ចេញពីទីធ្លាអាគាររដ្ឋបាល មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧គូលេនសៀមរាប ចូលមកវត្តព្រះខ័នសែនជ័យ ប្រទក្សិណ៣ជុំព្រះវិហារដោយមានការចូលរួមពីម្ចាស់ត្រ័យ ដូនជី តាជី និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ប្រកបដោយភាពអធិកអធមក្រៃលែង នារសៀលនៅថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
សូមជម្រាបពីអត្ថន័យ នៃបុណ្យកឋិនទាន (តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងការគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរតាំងពីយូរណាស់មកហើយ គឺបុណ្យកឋិនទានធ្វើបានតែរយៈពេល២៩ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលការប្រគេនព្រះសង្ឃក្រាលគ្រងនៅថ្ងៃណាមួយក៏បានដែរ ហើយវត្តមួយធ្វើបានតែម្ដងទេ ក្នុងមួយឆ្នាំ)។ បុណ្យកឋិនទាននេះ គឺទទួលបានអានិសង្ឃខ្ពង់ខ្ពស់បំផុត ពោលគឺអ្នកផ្តើមកសាង អង្គកឋិនទាន ទទួលបានអានិសង្ឃ៥យ៉ាង រីឯព្រះសង្ឃទទួលក្រាលគ្រង អង្គកឋិនទាននេះក៏ទទួលបានអានិសង្ឃ៥យ៉ាងដែរ។ ចំពោះបុគ្គលដែលធ្វើ គប្បីធ្វើឱ្យត្រូវតាមរបៀបវិន័យព្រះពុទ្ធ ទើបកើតជាកឋិនពេញលក្ខណៈ រីឯអានិសង្សគឺ អ្នកធ្វើកឋិនទាន បានអានិសង្សច្រើន។
ព្រះគ្រូចៅអធិការវត្តព្រះខ័នសែនជ័យ ព្រះបញ្ញាថេរោ ឈុន លាប មានសង្ឃដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះពុទ្ធបរិស័ទ ចំណុះជើងវត្ត ព្រមទាំងពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយ ទាំងអស់ ដែលបាននាំយកត្រ័យចីវរ មកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តព្រះខ័នសែនជ័យ និងបានចូលរួមបច្ច័យជាកម្លាំងមហាសាមគ្គី សម្រាប់ចូលរួមដើមី្បយកទៅធ្វើការប្រើប្រាស់ កសាងសមទ្ធិផលក្នុងទីវត្ត ក្នុងទិសដៅជម្រុញឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការអភិវឌ្ឍន៍រីកចម្រើនថ្កុំថ្កើងតទៅអនាគត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *