ឧត្តមសេនីយ៍ឯក ពៅ ស៊ា និង លោកជំទាវ នាយក រង នាយផ្នែក មេក្រុម នាយទាហាន នាយទាហានរង មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិន ពិការ គូលេន ៣១៧ សៀមរាប កាន់បិណ្ឌវេនទី១៤

សៀមរាប៖ ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយក មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ គូលេន៣១៧សៀមរាប និងលោកជំទាវ  ព្រមទាំង  នាយករង នាយផ្នែក នាយទាហាន នាយទាហានរង និងក្រុមនៅក្នុងមជ្ឈមណ្ឌលគូលេន៣១៧សៀមរាបទាំងអស់ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៤ ជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តព្រះខ័នសែនជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃសុក្រ១៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។
មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ គូលេន៣១៧សៀមរាប បាននាំយកទេយ្យទានមានគ្រឿងឧបភោគ បរិភោគមួយចំនួន និងបច្ច័យ ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្ត ព្រះខ័នសែនជ័យ ស្ថិតនៅភូមិ ស្នារតេជោ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ការគោរពធ្វើបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះឡើង គឺដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតា បិតា ជីដូន ជីតា ញ្ញាតិការទាំងប្រាំពីរសន្តាន និងបុព្វការីជន ដែលលោកបានចែកឋានទៅកាន់បរលោកខាងមុខ  និងដួងវិញ្ញាក្ខ័ន្តជូនកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងការពារអភិវឌ្ឍន៍ប្រទេសជាតិ ម៉្យាងទៀត បុណ្យភ្ជុំបិណ្ឌក៏ដូចជាបុណ្យផ្សេងៗទៀត ត្រូវបានប្រារព្ធធ្វើឡើងវិញក្រោយថ្ងៃជ័យជំនះ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ បានដួលរលំទៅហើយនោះ ក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នេះ បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនាយើងក្រោមម្លប់សន្តិភាព ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណ មកដល់សតវត្សរ៍ទី២១នេះ ។
បន្ទាប់ពីលោកតាអាចារ្យ ធ្វើកិច្ចនមស្ការព្រះរតនៈត្រ័យសមាទានសីល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង បងប្អូនប្រជាពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ  ជូនដល់ដួងវិញ្ញាណក្ខ័ន្តចំពោះមាតា បិតា ជីដូន ជីតា និងញាតិកាទាំងប្រាំពីសន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និងធ្វើការវេរប្រគេនទេយ្យទានមានគ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃក្នុងបិណ្ឌវេនទី១៤ ប្រមូលបានបច្ច័យសរុបចំនួន ៥.៤៦៥.០០០ រៀល(ប្រាំលានបួនសែនប្រាំមួយម៉ឺនប្រាំពាន់រៀល) បច្ច័យកសាងចំនួន ៣.៦០០.០០០រៀល(បីលានប្រាំមួយសែនរៀល)។
ជូនយាយជី តាជី ចំនួន៤៤នាក់ ក្នុងម្នាក់ៗទទូលបានប្រាក់ចំនួន ១០០០០រៀលផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *