តាកែវ៖ ប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមកីឡាបាល់ទាត់ មកពីស្រុកបាទី និងស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៣នេះ លេងនៅឃុំបឹងត្រាញ់ខាងជើងស្រុកសំរោង កំពុងធ្វើអោយមហាជន មានការភ្ញាក់ផ្អើលខ្លាំង ក្រោយការប្រកួតនោះមានការប៉ះទង្គិចគ្នាកីឡាករ និងកីឡាករ រហូតបើហឹង្សា ឈានដល់ការដកកាំភ្លើងគម្រាមបាញ់ នៅក្នុងកណ្ដាលហ្វូងមនុស្ស ។
លោក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ បានអោយដឹងថា ថ្មីៗនេះមានការបង្ហោះសារនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣នេះ ថាមានករណី ការប្រកួតកីឡាបាល់ទាត់ មិត្តភាពរបស់យុវជន នៅឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ជាមួយក្រុមបាល់ទាត់ភូមិរោង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កំពុងតែប្រកួតមិត្តភាព ស្រាប់តែមានក្រុមកីឡាករនិងកីឡាករ បានប៉ះទង្គិចគ្នា និងឈ្លោះប្រកែកវាយគ្នានៅក្នុងទីលាន ស្រាប់តែមានយុវជនម្នាក់បានដកកាំភ្លើងសំញ៉ែងនៅក្នុងហ្វូងមនុស្ស យកមកក្នុងគោលបំណងគម្រាមបាញ់ តែត្រូវបានលោកគ្រូកីឡាម្នាក់ដែលពាក់អាវលេខ២៣ មានឈ្មោះនៅលើអាវ PS JHON ដកយកមកសៀតចង្កេះរក្សាទុកបញ្ចៀសការផ្ទុះអាវុធ នៅក្នុងទីលាន ព្រោះខា្លចបង្ករគ្រោះថ្នាក់ដល់ក្រុមកីឡាករ ។ លោកបន្តថា ក្រោយពីកើតរឿងដកកាំភ្លើង រកបាញ់បោះនៅក្នុងទីលានបាល់ទាត់ ក្រុមកីឡាករទាំងសងខាង បានសុំឈប់ប្រកួត ដើម្បីបញ្ចប់ជម្លោះ ក្រោយមកលោកគ្រូដែលជាអ្នកដឹកនាំកីឡាករពាក់អាវ លេខ ២៣ មានឈ្មោះនៅលើអាវ PS JHON នោះបានប្រគល់កាំភ្លើងនោះមកអោយម្ចាស់កាំភ្លើងវិញ ។ លោក មេបញ្ជាការរងបានអោយដឹងទៀតថា ក្រោយទទួលបានពាក្យបណ្ដឹង កាលពីថ្ងៃទី ២០ ខែសីហា ដោយមានបទបញ្ជាពីសំណាក់លោក សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញាខេត្តផង កំលាំងជំនាញអាវុធហត្ថបានចុះស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានទៅដកហូតយកកាំភ្លើងម៉ាក ប៉េតា មួយដើម ដែលជាកាំភ្លើងរបស់ជនសង្ស័យ យកមកទុកនៅឪពុក យកមករក្សាទុក និងកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូង ដោយឡែកជនសង្ស័យដែលឈ្មោះ ស្រុង ឈៀវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ជាម្ចាស់កាំភ្លើងបានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងសុំដីការតាមចាប់ខ្លួនជនសង្ស័យខាងលើ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។
ជាចុងក្រោយលោក ង៉ែត ចាន់ធី ក៏បានបញ្ជាក់ផងដែរថា ចំពោះអ្នកមើលតាមខ្សែវីឌីអូរថតជាប់លោកគ្រូកីឡាដកកាំភ្លើងមកសៀតចង្កេះនោះ គឺមិនមែនជាម្ចាស់កាំភ្លើងទេ សូមកុំមានការយល់ច្រឡំអោយសោះ គាត់ជាអ្នកដកហូតយកកាំភ្លើងពីជនសង្ស័យយកមករក្សាទុកតែប៉ុណោះ ។ តាកែវ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣