ពោធិសាត់៖ ដើម្បីចូលរួមអបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បានចុះដាំកូនឈើទុកជាចំការបន្ថែមព្រៃសហគមន៍ចំនួន១៦៦៨ដើមនៅភូមិបង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ នៅថ្ងៃទី៨ខែសីហាឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីសាលាស្រុក សហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត អាជ្ញាធរឃុំ ភូមិនិងបងប្អូនប្រជាពលរដ្ឋជាច្រើន។
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ បានលើកឡើងថា ចាប់តាំងពីការពង្រឹងការងារយាមល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ តាមតំបន់គោលដៅសំខាន់ៗលើការអនុវត្តកំណែទម្រង់វិស័យព្រៃឈើ បើគិតមកដល់ឆ្នាំ២០២៣នេះខេត្តពោធិ៍សាត់មានសហគមន៍ព្រៃឈើចំនួន៩៤កន្លែង ស្ថិតក្នុងភូមិចំនួន ៩៥ ឃុំ សង្កាត់ ២២និងស្រុក ក្រុង៦ដែលគ្របដណ្តប់លើផ្ទៃដី១៧.៥៩៩ហិកតា។ក្នុងឆ្នាំ២០២២-២០២៣ ខណ្ឌរដ្ឋបាលព្រៃឈើបណ្តុះកូនឈើបាន៣៣ពាន់ដើម ចែកចាយកូនឈើសម្រាប់យកទៅដាំជាលក្ខណៈប្រមូលផ្តុំ ជាចំការ រាយប៉ាយតាមដងផ្លូវ ទីវត្តអារាម សាលារៀន ជាង២ពាន់ជាក់ស្តែង នាពេលនេះបានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវាដោយដាំកូនឈើចម្រុះបន្ថែមឡើងវិញព្រៃសហគមន៍បង្គងឃ្មុំ ឃុំត្នោតជុំចំនួន១៦៦៨ដើមនិងទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើដោយបានរឹបអូសគ្រឿងចក្រកាយដី១គ្រឿង រថយន្តដឹកដី១គ្រឿង ម៉ាស៊ីនអាឈើ១គ្រឿង រណាថាស ១គ្រឿង ធ្វើកិច្ចសន្យារោងសន្ធិផល អនុផល២កន្លែងនិងចុះស្រាវជ្រាវអ្នកទន្រ្ទានដី៥កន្លែង។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា បុណ្យរុក្ខទិវា៩កក្កដា ទើបតែកន្លងមកថ្មីៗនេះបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋន្ត្រីមានតួនាទី ក្នុងការគ្រប់គ្រងនិងអភិរក្សធនធានព្រៃឈើ ព្រោះថាព្រៃឈើមានតួនាទី ក្នុងការជួយថែរក្សា ដំណើរការប្រព័ន្ធអេកូឡូស៊ី និងជួយកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និងផ្តល់នូវផលអនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋជាទូទៅបានចាត់ទុកថា ព្រៃឈើ គឺជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃ និង ជាអាយុជីវិតមនុស្សសត្វទាំងពួង ដែលទាមទាឲ្យមានការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយវិចារណញ្ញាណ សមហេតុសមផល ធានានូវតុល្យភាពបរិស្ថាន និងផ្តល់ឱកាសឲ្យកូនចៅ ជំនាន់ក្រោយទទួលបានផលប្រយោជន៍និងបំពេញសេចក្តីត្រូវការនាពេលនេះនិងទៅថ្ងៃអនាគត ។
ឯកឧត្តម បានថ្លែងរំលឹកថា ព្រះរាជពិធីដាំកូនឈើត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី៩កក្កដាជារៀងរាល់ឆ្នាំ គឺបានក្លាយទៅជាសកម្ម ភាពយ៉ាងទូលំទូលាយនិងត្រូវបានទទួលស្គាល់ជាផ្លូវការដោយមានចែងក្នុងច្បាប់ស្តីព្រៃឈើនាឆ្នាំ២០០២ ព្រោះថា ព្រៃឈើគឺជាសរសៃឈាមក្នុងវិស័យកសិកម្ម ជាអាយុជីវិត មនុស្ស សត្វត្រូវរួបរួមគ្នាថែរក្សាការពារនិងដាំកូនឈើឲ្យបានគ្រប់ៗគ្នានិងគ្រប់ទីកន្លែង។
ការដាំកូនឈើនាពេលនេះក៏ដូចបណ្តាឆ្នាំកន្លងមក គឺជាការរំលឹកសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋ អំពីបញ្ហាប្រឈមនិងបាត់បង់ព្រៃឈើ និងសត្វព្រៃ យើងត្រូវចាប់ផ្តើមដោយឥតបង្អែរបង្អង់នូវផែនការស្តាព្រៃឈើនិងការដាំកូនឈើឡើងវិញជាខ្សែចង្វាក់គ្រប់ទិសទី ដើម្បីឲ្យពោធិ៍សាត់យើងរក្សាបាននូវលំនឹងបរិស្ថានធម្មជាតិនិងមានសម្រស់ស្រស់បំព្រងដោយរុក្ខជាតិព៌ណបៃតង។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋនិងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះស្ថាន សាលារៀននិងទីវត្តអារាមទាំងអស់មេត្តាយកចិត្តទុកដាក់បន្តបង្កើនការបណ្តុះនិងដាំកូនឈើឲ្យបានច្រើនដោយជ្រើសយកពូជឈើល្អៗនិងមានប្រយោជន៍គ្រប់ប្រភេទដាំនៅលើដីទំនេរ ទីទួល ដងផ្លូវសាធារណៈ សាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម ភូមិឋាននិងសហគមន៍ឲ្យកាន់តែទូលំទូលាយនិងគ្រប់ទីកន្លែង។ ឯកឧត្តមបានផ្ញើសារជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងបន្តអាជីវកម្ម កាប់បំផ្លាញព្រៃឈើ រុករានទន្ទ្រានចាប់យកដីព្រៃ ប្រមូលផល អនុផលព្រៃឈើ ឬប្រមាញ់សត្វព្រៃដែលជាបទល្មើសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើរបស់ខ្លួន សូមបង្វែនូវសកម្មភាពអវិជ្ជមានទាំងនោះមកធ្វើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ និងការងារផ្សេងៗដែលស្របច្បាប់នៅក្នុងមូលដ្ឋានប្រសើរជាងធ្វើចំណាកស្រុក៕