បន្ទាយមានជ័យ៖ សមត្ថកិច្ចពេទ្យសត្វចម្រុះ នៃក្រសួងនិងមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៣ បានប្រតិបត្តិការត្រួតពិនិត្យរកឃើញ និងដកហូតនូវផលិតផលពីសត្វ ជាង៨តោននៅ៤ទីតាំងនាក្រុងប៉ោយប៉ែត។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនឍមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ អោយដឹងនាថ្ងៃទី១៦ខែមិថុនាថា: នៅវេលាម៉ោង ៦និង១៥នាទីព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអន្តរាគមបង្រ្កាបបទល្មើសចលនាសត្វ និង ផលិតផលមានដើមកំណើត ពីសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សហការជាមួយក្រុមបង្រ្កាប បទល្មើសចលនាសត្វ និងផលិតផលពីសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម ក្រោមការសម្របសម្រួល នីតិវិធីនិងដឹកនាំផ្ទាល់ពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការត្រួតពិនិត្យ និងដកហូតនូវផលិតផលសរុបទម្ងន់ ៨ ៥២០គីឡូក្រាម (ក្នុងនោះមានសាច់មាន់ ៨៣០គីឡូក្រាម និងផលិតផលប្រហិតចម្រុះចំនួន ៧.៦៩០គីឡូក្រាម) ។
គឺនៅចំណុចបន្ទប់ជួលចំនួន០៤កន្លែង ខាងជើងផ្សារត្រីស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកបានបន្តថា : ម្ចាស់ទីតាំង ឬអ្នកទទួលខុសត្រូវ ចំនួន ០៤កន្លែងនោះរួមមាន : ទី១-ឈ្មោះ យឿង ស្រីណែត ហៅ យី ភេទស្រីមានផ្ទុកធុងទឹកកកចំនួន ៩ធុង មានសាច់មាន់ និងប្រហិតចម្រុះសរុបទម្ងនំ ១ ១៥០គីឡូក្រាម ។
ទី២-ឈ្មោះ ឆាយ រដ្ឋា ភេទស្រី មានទូរទឹកកក ៣, ធុងក្លាសេ ២, ធុងធំកណ្តាល១តូច អីវ៉ាន់នៅលើ ស្មើ និងទុកនៅខាងក្រៅ សរុបមានទម្ងន់ ៣ ៦០០គីឡូក្រាម ។
ទី៣-ឈ្មោះ គ្រុប ចិន ភេទស្រី មានធុងទឹកកកក្លាសេចំនួន ០៤ផ្ទុកប្រហិតចម្រុះប្រុស ១,០៧០គីឡូក្រាម ។
និងទី៤-ឈ្មោះ ផាន ធី ភេទស្រី មានធុងក្លាសេសរុប ១២ធុងផ្ទុកប្រហិតចម្រុះទម្ងន់ ២.៧០០គក្រ ។
គឺសរុបសាច់មាន់និងប្រហិតចម្រុះ ដែលសមត្ថកិច្ចជំនាញផ្នែកទាំង ឃើញមានទម្ងន់ ៨ ៥២០គីឡូក្រាម ។
ក្រុមការងារដែលមានសមាសភាពខាងលើបានចុះត្រូវពិនិត្យ និងវាយតម្លៃជាក់ស្ដែង
ទទួលបានលទ្ធផលដូចខាងក្រោម៖ សាច់សត្វមាន់ទាំងអស់ មានចំនួន ៨៣០គីឡូក្រាម (សាច់, ភ្លៅ, ស្លាប, ជើង, ពលស្លាប់, ឆ្អឹងសាច់ទ្រុងមាន់និង កោះ ត្រូវបានច្រកថងដាក់ក្នុងធុងក្លាសេ ចំនួន៣ធុង) និងប្រហិតចម្រុះចំនួន៧.៦៩០គីឡូក្រាម (ប្រហិតត្រូវ បានច្រកថង់ដាក់ក្នុងធុងក្លាសេចំនួន២៨ឆុង ដោយបាននាំចូលមកពីប្រទេសថៃ តែពុំមានលិខិតអនុញ្ញាតពី ក្រសួងកសិកម្ម ឧក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វ ពីប្រទេសនាំចេញនោះឡើយ ។
លោក ហ៊ុយ ទូច អោយដឹងថា : ក្រុមការងារសមត្ថកិច្ចបានពិនិត្យឃើញថា ផលិតផលមានដើមកំណើតពីសត្វ (សាច់សត្វមាន់ និងប្រហិតទាំងអស់នោះ ) ខូចគុណភាពដោយសារមិនបានរក្សាទុក ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទស (សីតុណ្ហភាពមិនដល់ ១៥អង្សា ស និងកន្លែងស្តុកទុកពុំមានអនាម័យ សភាពសាច់ និងប្រឌិតមានប្រពណ៍ខុសលក្ខណៈទ្រង់ទ្រាយដើម)។
ហេតុដូច្នេះ ក្រុមការងារបានឯកភាពគ្នាធ្វើការ ដកហូតយកទៅដុត កម្ទេចចោល តាមវិធានបសុពេទ្យ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៣ដដែល នៅទីវាលដីឡូតិ៍ ០១កន្លែង ស្ថិតក្នុងភូមិខ្លាកូនថ្មីសង្កាត់ កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕ ដោយ៖ឃិន គន្ធា