អតីតអ្នកប្រដាល់ជើងខ្លាំងទសវត្សរ៍១៩៩០លោក ក្រាក់ សម្ផស្ស ទទួលអំណោយមនុស្សធម៌ពីព្រះសង្ឃក្នុងខេត្តសៀមរាប

សៀមរាប ÷ ពេលរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន  ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បាននិមន្តចូលរួមព្រះរាជាគណកិត្តិយស ព្រះគ្រូ ព្រះចៅអធិការវត្តនានា ដែលដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណកិត្តិយស ព្រះវិន័យគណខេត្តសៀមរាប ជាព្រះគ្រូសារធម្មបាលអនុគណស្រុកជីក្រែង និងជាព្រះចៅអធិការវត្តបុព្វទិសារាម(វត្តកំពង់ក្តី) បាននិមន្តសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាប្រគល់ជូនដល់អតីតអ្នកប្រដាល់ជើងខ្លាំងតាំងពីទសវត្សរ៍១៩៩០លោក ក្រាក់ សម្ផស្ស  ដែលសព្វថ្ងៃលោកកំពុងតែបើកក្លឹបបង្ហាត់ប្រដាល់ក្បាច់គុនខ្មែរដែលស្ថិតនៅភូមិទួលគ្រួស ឃុំទួលគ្រួស ស្រុកបន្ទាយស្រី ខេត្តសៀមរាបដោយមានកូនសិស្សចំនួនប្រមាណជាង៣០នាក់ ។ ព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន  ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឍដីកាអោយដឹងថាថាព្រះអង្គ មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ដើម្បីចូលរួមថែរក្សាប្រដាល់គុនខ្មែរ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិទាំងមូល និងដើម្បីលើកកម្ពស់ប្រដាល់គុនខ្មែរលើឆាកអន្តរជាតិផងនោះ ហើយព្រមទាំងបានមើលឃើញអំពីជីវភាពរបស់អតីតអ្នកប្រដាល់ ក្រាក់ សម្ភស្ស ដែលល្បីល្បាញខាងទម្ងន់ជើងផ្តាច់ព្រលឹងមានជីវភាពរស់នៅលំបាកហើយបានយកចិត្តទុកដាក់ខ្ពស់លើកស្ទួយវិស័យកីឡាប្រដាល់ក្បាច់គុណខ្មែរ ដោយរូបលោកកំពុងតែបើកក្លឹបប្រដាល់ដើម្បីបង្ហាត់និងបណ្តុះ បណ្តាលយុវជនដែលស្រឡាញ់ និងចូលរួមថែរក្សាប្រដាល់គុនខ្មែរ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិ ។ព្រះគ្រូចៅអធិការវត្តប្រាសាទគោក បានមានសង្ឃដីកាអោយដឹងបន្ថែមទៀតថា ការនិមន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមកជូនដល់លោក ក្រាក់ សម្ភស្ស នាពេលនេះគឺបានមកពីការប្រគេនរបស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លង មក ហើយក៏បានសន្សំ និងប្រមូលបម្រុងទុកសម្រាប់ ចែកជូនដល់គ្រួសារបងប្អូនប្រជាពល រដ្ឋណាដែលមានជីវភាពខ្វះខាត ឬក៏មានការ ជួប ហានិភ័យគ្រោះថ្នាក់ដោយប្រការផ្សេងៗណាមួយផងដែរ។ ក្នុងឱកាសនោះដែរព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន  ក៍បានមានសង្ឃដីកាសំណូមពរឱ្យយុវជននានាចូលរួមហ្វឹកហាត់ឱ្យបានច្រើនកុះករ ដើម្បីសុខភាពផង និងដើម្បីការប្រកួតរកលុយដោះស្រាយជីវភាពផង ក៏ដូចជារួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមតទៅថ្ងៃអនាគត់។ គ្រឿងឧបភោគបរិភោគដែលព្រះគ្រូចៅអធិការវត្តនានាក្នុងខេត្តសៀមរាបយកទៅជូនលោក ក្រាក់ សម្ផស្ស  នាពេលនោះមានដូចជា៖អង្ករចំនួន៣០០គីឡូក្រាម.ទឹកត្រី១កសេនិង១យួរ.អំបិល៤គីឡូក្រាម.ត្រីខ៥យួរ.ត្រីផ្អក១ធុង ព្រមទាំងថវិកាចំនួន ៦០ដុល្លារ និង ១០០.០០០រៀល ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *