ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អំពាវនាវឲ្យបងប្អូនអតីតយុទ្ធជន ប្តេជ្ញាការពារឲ្យបានគង់វង្ស នូវសន្តិភាព

ខេត្តសៀមរាប៖ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប របស់គណបក្សប្រជាជនកម្ពុជា អំពាវនាវឲ្យបងប្អូនអតីតយុទ្ធជន ប្តេជ្ញាការពារឲ្យបានគង់វង្ស នូវសន្តិភាព។
ថ្លែងបែបនេះនៅក្នុងឱកាសដែល ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម រដ្ឋមន្ត្រី អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីជួបសំណេះសំណាល និង បំពាក់គ្រឿងឥស្សរីយយសការពារជាតិ ជូនដល់អតីតយុទ្ធជនកម្ពុជា ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ៣៣១នាក់ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។
ក្នុងនាមឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីសម្តេចទាំងទ្វេរមិនបានចុះមកផ្ទាល់ក៏ដោយ។

ឯកឧត្តមបានយកឱកាសនោះ ថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ជាមួយសម្ដេចតេជោ ហ៊ុន សែន ហើយទទួលបាននូវសុខសន្តិភាព រហូតមកដល់ថ្ងៃនេះ ។ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ក៏បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមក ដូចបងប្អូន នៅក្នុងមហាគ្រួសារតែមួយ ។ ទន្ទឹមនឹងនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ព្រមទាំងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងត្រៀមរាល់ឯកសាររបស់ខ្លួន ដើមី្បទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ និង ចូលរួមជម្រុញកូនចៅរបស់ខ្លួនឲ្យបានចូលសិក្សា និង ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ នៅពេលបើកបរ
នៅក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ និង ប្រតិភូ បានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប ទាំង៣៣១នាក់ ព្រមទាំងចែកជូនអំណោយដល់បងប្អូនអតីតយុទ្ធជន ទាំង៣៣១នាក់ ម្នាក់ៗទទួលបាន អង្ករ ១៥គីឡូក្រាម ថវិកា ៥ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។


សូមជម្រាបជូនថា នៅក្នុងពិធីនេះ ក៍មានការអញ្ជើញចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ ចូលរួមផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *