ប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រីក្រចំនួន៧២គ្រួសារដែលរស់នៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០២០នេះបានទទួលអំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគបរិភោគ ពីអង្គការក្តីសុខសាន្តកម្ពុជា និងក្រុមជំនុំម៉ិនណូណៃ ។
លោក មាស ម៉ាដេស នាយកអង្គការក្តីសុខសាន្តកម្ពុជា បានមានប្រសាសន៍ថា ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនក៏ដូចជាការយកចិត្តទុកដាក់ លើសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរនោះ ទើបអង្គការរបស់លោកបានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីនាំយកអំណោយសប្បុរសធម៌ មកចែកជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានឃុំកណ្តែកស្រុកប្រាទបាគង ដែលជួបការលំបាកក្នុងពេលកូវីដ១៩ កំពុងរាតត្បាតជាសកលនេះដែរ ។លោកមាស ម៉ាដេស បន្តថា អំណោយជាស្បៀងអាហារដែលយកមកចែកជូន ដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភរបស់សប្បុរសជនរបស់អង្គការ ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត។ ហើយក្នុងនោះដែរអង្គការក្តីសុខសាន្តកម្ពុជា បានបង្កើត មូលនិធិសប្បុរសធម៌ ក្នុងគោលបំណងសំដៅទៅរកការដោះស្រាយទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិង គ្រួសារចាស់ជរា ទីទ័លក្រីក្រ។ លោកប្រធានអង្គការ បានមានប្រសាសន៍បន្ថែមថា អង្គការរបស់លោកនឹងបន្តជួយ ជនក្រីក្រជាបន្តបន្ទាប់ ពេលដែលបងប្អូនប្រជាពលរដ្ឋមានការខ្វះខាត នឹងជួបទុក្ខលំបាកផ្សេងៗ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។ ក្នុងឱកាសនោះដែរ លោក ខាំ លឿ ប្រធានក្រុមប្រឹក្សាឃុំកណ្តែក ក៍បានមានប្រសាសន៍ថាក្នុងនាមអាជ្ញាធរឃុំ លោកពិតជាមានក្តីសោមនសរីករាយយ៉ាងក្រៃលែង ចំពោះអង្គការក្តីសុខសាន្តកម្ពុជា និងក្រុមជំនុំម៉ិនណូណៃ ដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងឃុំកណ្តែកដែលជួបការលំបាកក្នុងពេលកូវីដ១៩កំពុងរាត ត្បាត។ លោក ខាំ លឿក៍បានមានប្រសាសន៍នែនាំដល់បងប្អូន ប្រជាពលរដ្ឋដែលបានមកទទួលអំណោយ ក៏ដូចជាប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងមូលដ្ឋានឃុំកណ្តែកទាំងអស់ ត្រូវរក្សាអនាម័យបរិស្ថានក្នុងសហគមន៍ឱ្យបានល្អ ជាពិសេសក្នុងសម័យកូវីដ១៩នេះ សុំបន្តអនុវត្តវិធានអនាម័យឱ្យបានជាប់ជាប្រចាំ គឺរស់នៅស្អាត ហូបចុកស្អាត បរិស្ថានល្អ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺលាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាគំលាតសង្គមឱ្យបានល្អ ដើម្បីរួមគ្នាទប់ស្កាត់ និងការពារ ការរីករាលដាលជំងឺកូវីដ១៩ មកក្នុងសហគមន៍របស់យើងផងដែរ។
សូមបញ្ជាក់ថាអំណោយដែលប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រីក្រទទួលបាននាពេលនោះគឺ អង្ករចំនួន២៥គីឡូក្រាម . មី១៥កញ្ចប់ .ត្រីខ១យួរ.ទឹកត្រីទឺកស៊ីអ៊ីវ៦ដប.ប្រេងឆា១ដប.ស្កសរ១គីឡូក្រាម .អំបិល១គីឡូក្រាម និងទឹកសម្រាប់លាងភ្នែកចំនួន១ដបផងដែរ ៕
នៅព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០ ក៏បានចែក អំណោយជូនប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រីក្រ ចំនួន ៣៦ គ្រួសារផងដែរ សរុបទាំអស់ចំនួន ១០៨ គ្រួសារ។