មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អភិបាលស្រុកប្រាសាទបាគង ដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារយោធិនពិការ៣១៧សៀមរាប

អភិបាលស្រុកប្រាសាទបាគង ដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារយោធិនពិការ៣១៧សៀមរាប

សៀមរាប៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧សៀមរាប ស្ថិតក្នុងភូមិស្នារតេជោ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នារសៀលថ្ងៃទី១៨ខែមេសា ឆ្នាំ២០២០។

ក្នុងកិច្ចស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប បានអោយដឹងថា៖  បច្ចុប្បន្នក្នុងមណ្ឌលមាន ៣០០គ្រួសារ ក្នុងនោះមាន ៖ (យោធិនពិការ ចំនួន ២៧៣គ្រួសារ, គ្រូបង្រៀនស្ម័គ្រចិត្ត ២៥ គ្រួសារ, ពេទ្យឆ្មប ស្ម័គ្រចិត្ត ០២គ្រួសារ, សមាជិកសរុបរួមមានចំនួន ១៣០០នាក់ ។

ដោយមានការយកចិត្តទុកដាក់ ឧបត្ថម្ភជាបន្តបន្ទាប់ពី សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង ក្រសួងការពារជាតិ  ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជន បានធ្វើអោយបងប្អូនយោធិនពិការ និងគ្រួសារ មានលំនឹងលើផ្នែក ជីវភាពរស់នៅ បានល្អប្រសើរហូតមកដល់សព្វថ្ងៃនេះ ។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង នៅក្នុងឱកាសនោះ ក៏បានពាំនាំនូវការសួរសុខទុក្ខពីលោកអភិបាលខេត្តសៀមរាប ដោយលោកមានភារៈកិច្ចត្រូវបំពេញច្រើនទើបមិនបានចូលរួម ។

លោក សូរ ប្លាតុង បានថ្លែងអំណរគុណនូវការផ្តួចផ្តើមគំនិតអោយមានការជួបជុំថ្ងៃនេះសម្រាប់ការចុះសួរសុខទុក្ខ ក្រុមគ្រួសារយោធិនពិការ៣គូលេន១៧សៀមរាប ដោយបានឯកភាពគ្នាជាមួយមជ្ឈមណ្ឌលនិងរដ្ឋបាលស្រុក ហើយក្នុងគម្រោងត្រូវរៀបចំធ្វើរមុខថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ប៉ុន្តែដោយសារសន្ថានភាពមានការប្រែប្រួល ដូចនេះត្រូវបានលើកពេលមកដល់ពេលនេះ។ លោកបានថ្លែងអំណរគុណដល់គ្រួសារយោធិនដែលរយៈពេលចូលឆ្នាំនេះ ឃើញថាបងប្អូនបានចូលរួមអនុវត្តន៍តាមនូវបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងកុំអោយមានការរីករាលដាលការឆ្លងមេរោគកូវីដ១៩​ ដែលបច្ចុប្បន្នមិនមែនមានត្រឹមតែក្នុងប្រទេសកម្ពុជានោះទេ គឺរាត្បាតទូទាំងពិភពលោក ហើយបច្ចុប្បន្នប្រទេសមួយចំនួនកំពុងតែមានសភាពធ្ងន់ធ្ងរ ។

ការលើកពេលចូលឆ្នាំមិនបានប្រារពនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកន្លងមកកម្ពុជាមិនដែលលើកថ្ងៃចូលឆ្នាំនោះទេ ហើយមូលហេតុដែលត្រូវលើកពេលនេះគឺដោយសារតែការរាត្បាតនៃជំងឺកូវីដ១៩នេះទូទាំងពិភពលោក ។

លោកសូរ ប្លាតុង បញ្ជាក់ថា៖ មានពលករចំនួន១៣០នាក់បានចូលមកក្នុងស្រុកប្រសាទបាគង ព្រមទាំងបាន អនុវត្តន៍តាមគោលការណ៍ ដាក់ពួកគាត់អោយនៅដាច់ដោយឡែក១៤ថ្ងៃ មកដល់ពេលនេះពលករ មួយចំនួនធំពួកគាត់អនុវត្តន៍បានគ្រប់១៤ថ្ងៃ និងមួយចំនួននៅអនុវត្តន៍បន្ត ហើយរដ្ឋបាលស្រុកបានត្រៀមសម្ភារៈសពគ្រប់សម្រាប់ដាក់ពួកគាត់អោយនៅដាច់ដោយឡែក ។

បច្ចុប្បន្ននេះយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គឺអត់មានអ្នកឆ្លងថ្មីនោះទេ មានតែអ្នកជាសះស្បើយ ប៉ុន្តែពិភពលោកកំពុងតែជួបសោកនាសកម្ម ដោយពុំមានវ៉ាក់សាំងការពារឬថ្នាំព្យាបាលនូវឡើយទេ ហេតុនេះបងប្អូនត្រូវបន្តរការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា។ ជាសំណាងរបស់កម្ពុជា ដោយមិនមានឆ្លងតាមសហគមន៍ ទាំងនេះជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដែលមានគតិបណ្ឌិតក្នុងកិច្ចការនេះ បានដាក់ចេញនូវវិធានការទប់ស្កាត់ជាបន្តបន្ទាប់ និងការចូលរួមអនុវត្តន៍ពីប្រជាពលរដ្ឋ ហើយសូមបន្តចូលរួមកិច្ចការងារនេះ រហូតដល់គេប្រកាសថាលែងមានមេរោគកូវីដ១៩នេះ។

ការយកចិត្តទុកដាក់ និងការដឹងមុនរបស់ប្រមុខដឹកនាំ មានសម្តេចតេជោ លោកបានធ្វើរកិច្ចការងារនេះជាបន្តបន្ទាប់ ហើយពលរដ្ឋបានគោរពតាមគោលការណ៍ទាំងអស់ ទើបយើងបានសុខមកដល់ពេលនេះ។

លោក សូរ ប្លាតុង បានអោយដឹងពីគម្រោងការរបស់រដ្ឋបាលស្រុក ដោយលើកឡើងថា ភូមិស្នារតេជោ ពលរដ្ឋរស់នៅសុទ្ធតែអតីតជាយុទ្ធជន ឈ្មោះភូមិនេះគឺឈ្មោះល្អមួយ យើងត្រូវរួមគ្នាក្នុងមូលដ្ឋាន មានអាជ្ញាធរ មានវិស័យឯកជន ចូលរួមធ្វើរយ៉ាងណាអភិវឌ្ឍន៍តំបន់នេះ អោយក្លាយទៅជាឈ្មោះប្រវត្តិសាស្ត្រ ទុកនៅទីនេះដែលមានឈ្មោះភូមិស្នារតេជោ ដើម្បីទាក់ទាញភ្ញៀវទេសចរអោយមកទស្សនា ក្នុងគម្រោងបង្កើតវិថីប្រពៃណីខ្មែរចាប់ពីឃុំបាល័ង្គរហូតទៅដល់ឃុំកំពុងភ្លុក ។ យើងនិងគាស់រំលើងនូវវប្បធម៌តាមភូមិឡើងវិញ ដាក់អោយភ្ញៀវទេសចរមកកំសាន្ត ដើម្បីពន្យាពេលនៃការស្នាក់នៅរបស់ភ្ញៀវទេសចរ និងស្រូបយកចំណូលបន្ថែមពីទេសចរណ៍ ចូលរួមលើកកំពស់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនក្នុងសហគមន៍ កាត់បន្ថយការធ្វើរចំណាកស្រុក  និងចូលរួមថែរក្សាសុខសន្តិភាព ដែលបងប្អូនកំពុងមាន ជ្រកក្រោមម្លប់សន្តិភាព ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោក ង៉ាយ ម៉េងលី តំណាងគ្រួសារបុរីចំបុីសៀមរាបថ្លែងថា៖ អំណោយដែលបានមកពីសប្បុរសជនរួមជាមួយគ្រួសារបុរីចំបុីសៀមរាបយកមកផ្តល់ជូនពេលនេះ ជាការតបស្នងនៅស្នាមញញឹមដែលបងៗយុទ្ធជនបានផ្តល់មកដល់កូនចៅជំនាន់ក្រោយ  អំណោយទាំងនេះគឺជាអ្វីដែលពួកគាត់អាចធ្វើរបាន និងសូមអោយបងប្អូនបន្តការរក្សាអនាម័យ តាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ទាំងអស់គ្នា។

លោកបញ្ជាក់ថា៖ បងប្អូនមានផ្ទៃដីធំសម្រាប់បង្ករបង្កើនផល ដូចនេះដំណាំមើមនិងបន្លែរ បងប្អូនដាំបាន ហើយគ្មានជាតិគីមី លោកនឹងទទួលទិញទាំងអស់ ចំពោះគ្រាប់ពូជ លោកមានសម្រាប់ផ្តល់ជូន រួមទាំងអ្នកជំនាញបច្ចេកទេសដាំ ជួយផ្តល់ប្រឹក្សាក្នុងការដាំដំណាំទាំងនេះ ព្រមទាំងទទួលទិញទាំងអស់ និងសន្យាធ្វើរទីផ្សារជូនបងប្អូនទាំងអស់គ្នា តាមការផ្តួចផ្តើមរួមជាមួយរដ្ឋបាលស្រុក ហើយបងប្អូនត្រូវត្រៀមផលិតស្បៀងខ្លួនឯក និងការពារថែទាំសុខភាពអោយបានល្អគ្រប់ៗគ្នា។

អំណោយរួមមាន អង្ករ ត្រីខ មុី ស្កសរ អំបិល ទឹកត្រី ទឹកសុីអ៊ីវ សាប៊ូ ចែកជូនស្មើរៗគ្នាទាំង៣០០គ្រួសារ ក្នុងនោះមាន១១គ្រួសារដែលក្រីក្រ ត្រូវបានផ្តល់ជូនថវិកាបន្ថែម៕

About admin

Check Also

តារា(ខាត់សុឃីម)និងពលរដ្ឋជាច្រើនរយនាក់ មកតវ៉ានៅមុខតុលាការ ទាមទារអោយដោះលែង អឌិតអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា

សៀមរាប÷ព័ត៍មានបឋម ក្រុមពលដ្ឋច្រើនរយនាក់ ដែលក្នុងនោះមានតារាចម្រៀង ខាត់សុឃីមនិងប្តីផង បាននាំគ្នាមកឈរកាន់បដានិងដាក់មីក្រូនៅមុខតុលាការ ស្រែកទាមទារអោយដោះលែង ឈ្មោះឌីម សួនណាត អឌិតអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា ដែលត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ ក្នុងសំណុំរឿងព្រហ្មទណ្ឌ័លេខ៨៣៥ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ ក្រោមបទចោទ ឆបោក។   …

Leave a Reply

Your email address will not be published. Required fields are marked *