មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / សិក្ខាសាលាផ្សព្វផ្សាយ សកម្មភាព និង របកគំហើញរបស់ក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ !

សិក្ខាសាលាផ្សព្វផ្សាយ សកម្មភាព និង របកគំហើញរបស់ក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ !

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បញ្ជាក់ថា ក្នុងករណីដែលពុំមានដំណោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ ចាប់ពីពេលឥឡូវនេះតទៅទេនោះ តាមការប៉ាន់ស្មាន នៅក្នុងរបាយការណ៍វិភាគ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ករណីនេះ នឹងនាំអោយផលិតផលសារុបរបស់កម្ពុជា (GDP) នៅក្នុងឆ្នាំ ២០៥០ខាងមុខ នឹងអាចមានការថយចុះជិត ១០% ដោយសារតែបញ្ហាប្រឈម ការប្រែប្រួលអាកាសធាតុនោះ។ ការលើកឡើង របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ម៉ុម ថានី គឺនៅក្នុងគ្រាដែលអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការ នៃអង្គសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីសកម្មភាព និងរបកគំហើញ របស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាល (IPCC) នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅក្រុងសៀមរាប។
លោកស្រី ម៉ុម ថានី តំណាងដ៏ខ្ពង់ខ្ពស់ លោក សាយសំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសកម្មភាព និង របកគំហើញ របស់ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាល (IPCC) ពិតជាមានសារសំខាន់ណាស់ ក្នុងការផ្តល់ជាគោលការណ៍ណែនាំគន្លឹះ ប្រកបដោយប្រសិទ្ធភាព សម្រាប់អ្នកជំនាញការ អ្នកវិភាគ និង មន្រ្តីរាជរដ្ឋាភិបាល ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត និង គោលនយោបាយពាក់ព័ន្ធសម្រាប់ប្រទេសកម្ពុជា។ លោកស្រី បានលើកឡើងថា កម្ពុជាត្រូវបានចាត់ថ្នាក់ ក្នុងចំណោមប្រទេស ដែលងាយរងគ្រោះបំផុត ដោយសារការប្រែប្រួលអាកាសធាតុលើពិភពលោក។ ឆ្នាំ២០១៩ កម្ពុជាបានប្រឈមទៅនឹងរលកកម្តៅខ្ពស់បំផុត។ លោកស្រី បង្ហើបឲ្យដឹងថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប៉ាន់ស្មាននៅក្នុងរបាយការណ៍វិភាគ ម៉ូដែល ស្តីពីដំណោះស្រាយផលប៉ះពាល់ ស្តីការប្រែប្រួលអាកាសធាតុ លើកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ថា ផលិតផលសារុបរបស់កម្ពុជា (GDP) នឹងអាចមានការថយចុះជិត ១០% ដោយសារការប្រែប្រួលអាកាសធាតុ នៅក្នុងឆ្នាំ២០៥០ខាងមុខ ក្នុងករណីដែលពុំមានដំណោះស្រាយ ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ ចាប់ពីពេលបច្ចុប្បន្ននេះតទៅ ទេនោះ។ លោកស្រីបន្ថែមថា ទាំងនេះគឺជាមូលហេតុ ដែលប្រទេសកម្ពុជា ក្លាយជាប្រទេស ដែលគាំទ្រដ៏ខ្លាំងក្លា ចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុពិភពលោក។ លោកស្រី ម៉ុម ថានី បានគូសបញ្ចាក់ថា បើទោះបី កម្ពុជាមិនជាប់បន្ទុក ជាអ្នកទទួលខុសត្រូវ លើការបញ្ចេញឧស្ម័ន្មផ្ទះកញ្ចក់ ជាប្រវត្តិសាស្រ្តក៏ដោយ តែកម្ពុជាបានប្តេជ្ញាយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងការជម្រុញគំរូអភិវឌ្ឍ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និង ការបញ្ចេញកាបូនទាប។
សិក្ខាសាលានេះ មានរយៈពេល២ថ្ងៃ ក្រោមការចូលរួម ដោយតំណាងមកពីក្រុមការងារ អន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) ដើម្បីចែករំលែក ស្តីពីលទ្ធផល នៃការសិក្សាវិទ្យាសាស្រ្ត លើការប្រែប្រួលអាកាសធាតុ ដល់សិក្ខាកាមជាមន្រ្តីបរិស្ថាន មន្រ្តីរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ សិស្ស-និស្សិត លោកគ្រូ-អ្នកគ្រូ-សាស្រ្តាចារ្យ ដែលជាពិសេសនោះ គឺមានវត្តមានរបស់ លោកបណ្ឌិត Priyadarshi R.Shukla សហប្រធានក្រុមការងារផ្នែកទី៣ នៃក្រុមការងារអន្តររដ្ឋាភិបាល ស្តីពីការរប្រែប្រួលអាកាសធាតុ បង្ហាញចំណាប់អារម្មណ៍ លើចំណុចសំខាន់ៗ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជួយពង្រឹងសមត្ថភាព ក្នុងការបង្កើតភស្តុតាងវិទ្យាសាស្រ្ត អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ IPCC បានទទួលជ័យលាភីពានរង្វាន់ណូបែល សន្តិភាព ហើយបានដើរតួនាទីយ៉ាងសំខាន់ បង្កើនការយល់ដឹងអំពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ជាសាកល។ ប្រតិភូមកពីប្រទេសឡាវ ក៏មានវត្តមាននៅក្នុងអង្គសិក្ខាសាលានោះ ផងដែរ៕

About admin

Check Also

ប្រជាការពារក្នុងភូមិបុស្សក្រឡាញ់បានជួយធ្វើរផ្ទះឲ្យពលរដ្ឋខ្វះខាត

សៀមរាប៖ ប្រជាពលរដ្ឋដែលខ្វះខាតមួយគ្រួសារ ប្តីឈ្មោះ មឿន វ៉ែន និងប្រពន្ធឈ្មោះ សុទ្ធចន្ថា បច្ចុប្បន្នរស់នៅក្នុងភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩គ្រួសារនេះបានកំពុងសាងសង់ផ្ទះមួយខ្នងទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រ ជញ្ជាំងធ្វើរអំពីឈើនិងតំបូលស័ង្គសី ដោយមានការចូលរួមជួយសាងសង់ពីប្រជាការពារក្នុងភូមិជាច្រើននាក់ …

Leave a Reply

Your email address will not be published. Required fields are marked *