មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ខេត្តសៀមរាប អបអរសាទរទិវាពិភពលោកកាកបាទក្រហម – អឌ្ឍចន្ទក្រហម លើកទី១៥៦ ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ ខ្ញុំស្រឡាញ់កាកបាទក្រហម !

ខេត្តសៀមរាប អបអរសាទរទិវាពិភពលោកកាកបាទក្រហម – អឌ្ឍចន្ទក្រហម លើកទី១៥៦ ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ ខ្ញុំស្រឡាញ់កាកបាទក្រហម !

សៀមរាប៖ ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម លើកទី១៥៦ ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ ខ្ញុំស្រឡាញ់កាកបាទក្រហមនៅខេត្តសៀមរាប ប្រមូលបានមូលនិធិសប្បុរស ប្រហែល ៧០ម៉ឺនដុល្លាអាមេរិក !
មិទ្ទិញអបអរសាទរ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម លើកទី១៥៦ ក្រោមប្រធានបទ ៖ ( ខ្ញុំស្រឡាញ់កាកបាទក្រហម ) ដែលមានវត្តមានសមាជិកចូលរួមប្រមាណជាង១៤០០នាក់ ប្រព្រឹត្តិទៅ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ប្រមូលបានមូលនិធិសប្បុរស ប្រហែល ៧០ ម៉ឺនដុល្លាអាមេរិក ។ នេះបើយោងតាមតួលេខប៉ាន់ប្រមាណរបស់គណកម្មការរៀបចំកម្មវិធីនៃព្រឹត្តិការណ៍នេះ ដែលមូលនិធិសប្បុរសទាំងនេះ សម្រាប់ជាប្រយោជន៍ ដល់ការជួយសង្គ្រោះដល់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុផ្សេងៗ និង ជនងាយរងគ្រោះផងដែរ ។
ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាបនិងលោកជំទាវ ។ ជាការកត់សម្គាល់នោះ គឺមានព្រះវត្តមាន ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ។
ឯ.ឧ ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប លើកបង្ហាញថា៖ ជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ក្នុងគោលបំណងបង្ហាញជូនអំពីលទ្ធផលនៃការអនុវត្តការងារមនុស្សធម៌ក្នុងទូទាំងខេត្ត ក៏ដូចជា ធ្វើការបំផុសអំពាវនាវសប្បុរសជនគ្រប់មជ្ឍដ្ឋានបន្តការចូលរួមឧបត្ថម្ភតាមរយៈព្រឹត្តិការណ៍នេះ ដើម្បីជួយដល់ គ្រួសារនិងជនរងគ្រោះមហន្តរាយក្នុងភូមិសាស្រ្តរដ្ឋបាលខេត្ត ។
នៅក្នុងមតិស្វាគមន៍របស់ឯឧត្តម ទៀ សីហា បានបង្ហាញឲ្យដឹងថា ៖ ក្នុងភូមិសាស្រ្តខេត្តសៀមរាប គិតពីខែឧសភា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០១៩នេះ មានគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗកើតឡើងចំនួន ១,០៥០ករណី បង្ករផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ៤,៩៣១គ្រួសារ ស្មើនឹង ២១,០៤៣នាក់ ក្នុងនោះគ្រោះថ្នាក់មនុស្ស៧១នាក់ (ស្លាប់ ៤៩ នាក់ និងរបួស២២នាក់) ។ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្តល់អំណោយសង្គ្រោះបន្ទាន់ ជូនដល់ជនរងគ្រោះ មានជា ៖ ស័ង្គសី តង់ផ្លាស្ទិក មុង ភួយ សារុង ក្រមា កន្ទេល ធុងទឹក ឆ្នាំង ចាន ស្លាបព្រា អង្ករ ទឹកត្រី ត្រីខ មី និង រទេះជនពិការ ក្នុងតម្លៃជាទឹកប្រាក់សរុប ១១៤,៤១៩ ដុល្លារអាមេរិក ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានអានទាំងស្រុង សេចក្តីថ្លែងការណ៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានផ្តាំផ្ញើដល់សាខា អនុសាខាកាកបាទក្រហមកម្ពុជា នៅតាមសហគមន៍ ត្រូវមានមុខភ្លាមៗនៅពេលមានគ្រោះមហន្តរាយកើតឡើង និងត្រូវយកចិត្តទុកដាក់ដោះស្រាយឲ្យអស់លទ្ឋភាព ជាមួយនឹងការយកចិត្តទុកដាក់ជួយសម្រាលការលំបាកដល់មនុស្សចាស់ជរាឥតទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយមានកូនច្រើន និង អ្នកដែលមានជំងឺរ៉ាំរ៉ៃ ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៍បានអំពាវនាវផងដែរ សូមឲ្យគណៈកិត្តិយសសាខា អនុសាខា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង សប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តពង្រឹងភាពម្ចាស់ការ ពិសេសខាងផ្នែកធនធានហិរញ្ញវត្ថុ ដើម្បីបានបំពេញយ៉ាងសាកសម តួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ និង វិស័យមនុស្សធម៌ នៅក្នុងដែនរដ្ឋបាលខេត្តសៀមរាប ៕

About admin

Check Also

សិក្ខាសាលាផ្សព្វផ្សាយ សកម្មភាព និង របកគំហើញរបស់ក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ !

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បញ្ជាក់ថា ក្នុងករណីដែលពុំមានដំណោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ ចាប់ពីពេលឥឡូវនេះតទៅទេនោះ តាមការប៉ាន់ស្មាន នៅក្នុងរបាយការណ៍វិភាគ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ករណីនេះ នឹងនាំអោយផលិតផលសារុបរបស់កម្ពុជា (GDP) នៅក្នុងឆ្នាំ ២០៥០ខាងមុខ នឹងអាចមានការថយចុះជិត ១០% …

Leave a Reply

Your email address will not be published. Required fields are marked *